(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចុះជួយស្រុកកោះធំ បានដាក់ចេញផែនការរៀបចំបំពាក់អំពូលភ្លើងសូឡានៅតាមដងផ្លូវនានា ក្នុងស្រុកកោះធំ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ រក្សាសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាចូលរួមទប់ស្កាត់អំពើចោរកម្មផ្សេងៗ។
បើតាមព័ត៌មានពីអាជ្ញាធរស្រុកមកដល់ពេលនេះ ការបំពាក់អំពូលភ្លើងសូឡានេះ បានប្រមាណ ៣៤បង្គោលហើយ។ តាមផែនការអំពូលភ្លើងសូឡានេះ នឹងត្រូវបំពាក់តាមផ្លូវបេតុងនៅទូទាំងស្រុកកោះធំតែម្តង។
ក្នុងកិច្ចប្រជុំជាមួយក្រុមការងារបក្សនៅក្នុងស្រុកកោះធំនាថ្ងៃទី២៨ ខែសីហា ម្សិលមិញនេះ លោក ស៊ុន ចាន់ថុល បានជំរុញបន្ថែមដល់ក្រុមការងារលើការបំពាក់អំពូលភ្លើងសូឡានេះ។
សូមបញ្ជាក់ថា ក្នុងនាមជាប្រធានក្រុមការងារជួយស្រុកកោះធំ ដែលជាស្រុកកំណើតផងនោះ លោក ស៊ុន ចាន់ថុល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកកសិផលរបស់ប្រជាពលរដ្ឋ។ ផ្លូវបេតុងក្នុងស្រុកកោះធំជាច្រើនខ្សែ ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់។
ឆ្លៀតពីការងារស្នូលនៅថ្នាក់ជាតិ ស្ទើរតែរាល់ថ្ងៃចុងសប្តាហ៍លោក ស៊ុន ចាន់ថុល និងក្រុមការងារតែងចុះទៅមូលដ្ឋានស្រុកកោះធំ ដើម្បីជួបជាមួយប្រជាពលរដ្ឋស្តាប់នូវទុក្ខកង្វល់ និងតម្រូវការនានារបស់អ្នកស្រុកកោះធំ។ មានបញ្ហា និងតម្រូវការជាច្រើនរបស់ប្រជាពលរដ្ឋ ត្រូវបានលោក ស៊ុន ចាន់ថុល និងក្រុមការងារដោះស្រាយជូនពលរដ្ឋក្នុងស្រុកនេះជាបន្តបន្ទាប់៕