(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ពលរដ្ឋគ្រប់គ្នា ហើយសម្តេចអំពាវនាវកុំឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈ Comment នៅលើទំព័រ Facebook របស់សម្តេច នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ ឆ្លើយតបនឹងសំណួរ ស្រ្តីម្នាក់ដែលជាមន្រ្តីមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្តពោធិ៍សាត់ ដែលបានចូលទៅ Comment លើផេករបស់សម្តេច ដែលបង្ហោះសារអបអរសាទរដល់ លោកយាយ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៩លាន។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់ថា ការចាក់ដូសទី៣ លើកនេះគឺ ចាក់សម្រាប់មន្ត្រី និងកម្លាំងជួរមុខដែលចំនួនមានកំណត់។ ដូចនេះចាក់ដូសទី១ និងដូសទី២ នៅកន្លែងណាត្រូវទៅចាក់ដូសទី៣នៅកន្លែងនោះ។ កន្លែងផ្សេងទៀតជារបស់អ្នកដែលបានចាក់នៅកន្លែងដែលគេធ្លាប់ចាក់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «តែទោះយ៉ាងនេះក្តីសុំកុំបារម្ភ ព្រោះយើងនឹងចាក់ដូសទី៣ ជូនគ្រប់ៗគ្នាដែលនឹងមានដល់ជិត១២លាននាក់។ វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣ នឹងមកដល់ក្នុងខែកញ្ញា២០២១ ចំនួន៥លានដូស សម្រាប់ចាក់ជូនប្រជាជនដូចពេលមុន»។
គិតត្រឹមយប់ថ្ងៃទី២៨ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១០,៤៤០,០០៤នាក់ ក្នុងនោះមានការចាក់ដូសទី៣ បានចំនួនជិត៦០ម៉ឺននាក់ផងដែរ៕