(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារផ្លែផ្កាឱ្យបណ្តាប្រទេសមហាអំណាច ដែលបាននាំគ្នារត់ចោលប្រទេសអាហ្វហ្កានីស្ថាន ដោយបានលើកឡើងថា «ប្រទេសមហាអំណាចកំពុងចាញ់រត់ទៅផ្ទះគេអស់ហើយ»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហោះរូបចៅប្រុសទី២០របស់ខ្លួន ដែលស្លៀកសម្លៀកបំពាក់ឈុតជាយោធា និងកាន់កាំភ្លើងជ័រ។
ជាមួយការបង្ហោះរូបចៅក្នុងឈុតសម្លៀងកំពាក់ជាអ្នកប្រយុទ្ធនេះ សម្តេចតេជោ ក៏បានឆ្លៀតបង្ហាញសំណេរជាការដំណាលជាមួយចៅពាក់ព័ន្ធទៅនឹងប្រទេសអាហ្វហ្កានីស្ថាន ដែលកំពុងជួបកលិយុគ ព្រោះតែភ្លើងសង្គ្រាម បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានដកកងទ័ពចេញ។
សម្តេចតេជោ បានសរសេរសំណេរដំណាលពីកិច្ចសន្ទនាជាមួយចៅប្រុស ដែលជាកូនប្រុសរបស់លោក ហ៊ុន ម៉ាណែត យ៉ាងដូច្នេះ «ម៉ោង៦ និង១៥នាទីព្រឹកមិញចៅទី២០ ផ្ញើរូបថត២សន្លឹក និងសារសម្លេងមកឱ្យជីតាប្រាប់ថា ចៅផ្ញើរូបថតជូនលោកតា។ ខ្ញុំសួរទៅចៅស្លៀកពាក់ទាហ៊ានត្រៀមចេញទៅអាហ្វហ្កានីស្ថានឬអី?»។
សម្តេចតេជោ បន្តបង្ហាញពីការសន្ទនានោះទៀតថា «កុំទៅចៅព្រោះមហាអំណាចកំពុងរត់ចោលអាហ្វហ្កានីស្ថាន។ ចៅទៅក៏ជួយអាហ្វហ្កានីស្ថានមិនបានដែរ ព្រោះប្រទេសមហាអំណាចកំពុងចាញ់រត់ទៅផ្ទះគេអស់ហើយ ម្យ៉ាងទៀតកាំភ្លើងចៅមិនទំនើបដូចកាំភ្លើងប្រទេសមហាអំណាចទេ។ ខ្ញុំបន្ថែមថា ចៅកុំទៅចៅនៅជួយតាប្រឆាំងកូវីដ១៩ល្អជាង។ ចៅឆ្លើយថាពេលកូវីដ ម៉ាក់មិនឱ្យចេញពីផ្ទះទេលោកតា។ ល្អឡើងវិញ»។
សំណេរដំណាលពីកិច្ចសន្ទនារបស់សម្តេចតេជោ និងចៅប្រុស បានធ្វើឡើងចំពេលដែលប្រទេសអាហ្វហ្កានីស្ថានកំពុងជួបស្ថានភាពវឹកវរ ក្រោយពេលសហរដ្ឋអាមេរិក និងប្រទេសម្ព័ន្ធដកទ័ពចេញពីប្រទេសនេះ។
សូមបញ្ជាក់ថា ការដកទ័ពទាំងប្រផាប់ប្រភីងចេញពីប្រទេសអាហ្វហ្កានីស្ថាន ក្រោយលើកទ័ពទៅទន្ទ្រាន និងគ្រប់គ្រងអាហ្វហ្កានីស្ថានអស់រយៈពេល ២០ឆ្នាំ ពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តនេះ នាំឱ្យមានការរិះគន់ជាខ្លាំងពីមជ្ឈដ្ឋាននានាលើពិភពលោក។ គេបានចាត់ទុកកាយវិការរបស់អាមេរិក និងប្រទេសសម្ព័ន្ធមិត្ត ចំពោះប្រទេសអាហ្វហ្កានីស្ថាននេះ ជាកាយវិការខ្វះធម៌មេត្តា និងមិនខ្វល់ពីក្តីវេទនារបស់ប្រជាជនអាហ្វហ្កានីស្ថាននោះឡើយ ក្រោយពេលពួកគេលែងមានផលប្រយោជន៍ជាមួយប្រទេសនេះ៕