(ភ្នំពេញ)៖ អ្នកតំណាងរាស្ត្រវ័យក្មេងនៅកម្ពុជា លោក ហ៊ុន ម៉ានី នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ បានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ។ លោក ហ៊ុន ម៉ានី បានសម្រេចចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) របស់ចិន ជាវ៉ាក់សាំងជំរុញ។
ជាមួយនឹងការចាក់វ៉ាក់សាំងជំរុញជាវ៉ាក់សាំងស៊ីណូវ៉ាក់នេះ លោក ហ៊ុន ម៉ានី ក៏បានលើកឡើងដែរថា មិនថាការចាក់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm), ស៊ីណូវ៉ាក់, អាស្ត្រាហ្សេនីកា (AstraZeneca) ឬទៅថ្ងៃមុខមានវ៉ាក់សាំងអ្វីផ្សេងទៀតនោះទេ តែវ៉ាក់សាំងទាំងនេះ គឺសុទ្ធតែជារកបានមកដោយការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតមេរោគកូវីដ១៩។
លោក ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះ «ការទទួលបាននូវវ៉ាក់សាំងទាំងនោះ កើតចេញមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសពីសម្តេចនាយករដ្ឋមន្ត្រី ដែលការប្រឹងប្រែងទាំងនោះ ធានាឱ្យកម្ពុជាមាននូវវ៉ាក់សាំងគ្រប់គ្រាន់ក្នុងដៃសម្រាប់ចាក់ជូនប្រជាជនកម្ពុជារាប់លាននាក់ ទាំងដូសទី១ ដូសទី២ និងដូសទី៣ ដើម្បីការពារអាយុជីវិតប្រជាជនយើង»។
អ្នកតំណាងរាស្ត្រវ័យក្មេងរូបនេះ ក៏បានអំពាវនាវប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីសុវត្ថិភាពពីការយាយីដោយជំងឺកូវីដ១៩។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ជាយន្តការដ៏ចម្បងមួយរបស់រាជរដ្ឋាភិបាល បន្ថែមពីលើយន្តការនៃការអនុវត្តវិធានសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែង និងស្វះស្វែងជាខ្លាំង ដើម្បីរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា។
មកដល់ពេលនេះកម្ពុជារកបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានប្រមាណជា ២៥លានដូសហើយ។ វ៉ាក់សាំងដែលកម្ពុជា រកបានមកចាក់ជូនប្រជាពលរដ្ឋរួមមាន៖ ស៊ីណូហ្វាម, ស៊ីណូវ៉ាក់, អាស្ត្រាហ្សេនីកា និងចនសុន&ចនសុន។
តាមរយៈវត្តមានវ៉ាក់សាំងដែលរកបាននេះ កម្ពុជា បានចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១២ឆ្នាំឡើង សរុបជាង ១០លាននាក់ហើយ។ កម្ពុជា បានក្លាយទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចតួចប៉ុណ្ណោះ ដែលសម្រេចបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋបានលឿន។
មិនត្រឹមតែប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះ ដែលបានកោតសរសើរលើចំណាត់ការរបស់រាជរដ្ឋាភិបាលលើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ អង្គារសុខភាពពិភពលោក ប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍នានា សុទ្ធតែបានកោតសរសើរលើលទ្ធផលកម្ពុជាសម្រេចបាន។
លទ្ធផលចាក់វ៉ាក់សាំងដែលកម្ពុជាសម្រេចបាន ត្រូវបានគេមើលឃើញថា ប្រទេសចិន ជាអ្នករួមចំណែកដ៏សំខាន់ ព្រោះចិន បានធានាដល់ការផ្គត់ផ្គង់វ៉ាក់សាំង តាមតម្រូវការរបស់កម្ពុជា៕