(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ លោក ញូង ធុល បានសម្រេចរក្សាការសម្រេចរបស់សាលាដំ បូងរាជធានីភ្នំពេញ ឲ្យអ្នកស្រី ឡាយ ហួង ជនជាប់ចោទមេគំនិតប៉ុនប៉ងរំលោភសម្លាប់ភរិយា និងកូនស្រី លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឲ្យជាប់ពន្ធនាគារចំនួន ២០ឆ្នាំដដែល។
សំណុំរឿងប៉ុនប៉ងរំលោភសម្លាប់ភរិយា និងកូនស្រី របស់ លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី២៤ ខែមីនា កន្លងទៅនេះ ត្រូវបានចៅ ក្រមសាលាដំបូង សម្រេចផ្តន្ទាទោសអ្នកស្រី ឡាយ ហួង ដាក់ពន្ធនគារប្រមាណ ២០ឆ្នាំ។ ក្នុងនោះលោក ខូវ ផល្លាបុត្រ ដែលជាស្វា មីរបស់អ្នកស្រី ឡាយ ហួង ក៏ត្រូវបានចៅក្រមសាលាដំបូងកាត់ទោសកំបាំងមុខ ដាក់ពន្ធនាគាររយៈពេល ២០ឆ្នាំផងដែរ។
អ្នកស្រី ឡាយ ហួង បានកើតទុកមិនសុខចិត្ត ចំពោះការសម្រេចរបស់សាលាដំបូង ហើយក៏បានប្តឹងបន្តមកកាន់សាលាឧទ្ធរណ៍ ដើម្បីប្រឆាំងសាលាក្រមសាលាដំបូង។ ក្រោយទទួលបានបន្តឹង លោក ញូង ធុល ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរ ណ៍ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ បានបើកសវនាការជំនុំជម្រះក្តី ហើយក៏សម្រេចតម្កល់ការសម្រេច របស់សាលាដំបូងទុកជាបានការដដែល។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្រេចប្តឹងក្រុមគ្រួសារឧកញ៉ាត្រកូលខូវ រួមនិងអ្នកបម្រើជាច្រើននាក់ ពីបទ ផ្តើម និងសមគំនិតរៀបចំគម្រោងសម្លាប់ភរិយា និង កូនស្រីរបស់លោក។ លោកបានបញ្ជាក់នៅក្នុងពាក្យបណ្តឹងថា ឧកញ៉ា ខូវ ជឺលី និងកូនប្រុស ខូវ ផល្លាបុត្រ ព្រមទាំងភរិយាចុងរបស់ខ្លួន និងអ្នកបម្រើមួយចំនួនទៀត បានរួមគ្នារៀបចំគម្រោងរំលោភសម្លាប់ ភរិយា និង កូនស្រីរបស់កាលពីរាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០ ពេលលោកកំពុងបំពេញការងារនៅក្នុងខេត្តមណ្ឌលគិរី។
ជនដែលលោក ស៊ុន ចាន់ថុល ប្តឹងនោះរួមមាន៖ ឧកញ៉ា ខូវ ជឺលី (ត្រូវជាឪពុកបង្កើត ភរិយា លោក ស៊ុន ចាន់ថុល) លោក ខូវ ផល្លា បុត្រ ត្រូវជាប្អូនប្រុសបង្កើតភរិយារបស់លោក ស៊ុន ចាន់ថុល អ្នកស្រី សេង ច័ន្ទដា ភរិយាឧកញ៉ា ខូវ ជឺលី អ្នកស្រី ឡាយ ហួង ភរិយា លោក ខូវ ផល្លាបុត្រ កញ្ញា ហ៊ុយ សុខលាភ សុខ ឡាក់ សន្តិសុខយាមខុនដូរ អ្នកបម្រើក្នុងផ្ទះលោកឧកញ៉ា ខូវ ជឺលី ឈ្មោះ ច័ន្ទ សុខា និងអ្នកបម្រើម្នាក់ទៀតឈ្មោះ នាង ស៊ីណាត។
ជនជាប់ចោទ អ្នកស្រី សេង ច័ន្ទដា សុខ ឡាក់ ច័ន្ទ សុខា និង នាង ស៊ីណាត ត្រូវបានតុលាការផន្ទាទោសដាក់ពន្ធនាគារចន្លោះពី ១៨ឆ្នាំ ដល់២០ឆ្នាំ ហើយសាលក្រម ក៏បានចូលជាស្ថាពរផងដែរ ពោលគឺមិនមានឱកាសប្តឹងតវ៉ាទៀតនោះទេ។ ដោយឡែកអ្នកស្រី ឡាយ ហួង ដែលត្រូវគេរកឃើញថា ជាមេខ្លោងនៅក្នុងរឿងរៀបចំគម្រោង និងស្វាមី គឺលោក ខូវ ផល្លាបុត្រ ត្រូវបានចៅសាលាដំបូង សម្រេចផ្តន្ទាទោសដាក់ពន្ធធនាគារម្នាក់ៗ ២០ឆ្នាំ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦៕