(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃនេះថា បានរកឃើញមេរោគបំប្លែងថ្មី «ដែលតា» រហូតដល់ ១៧៥២នាក់ហើយ គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៨ ខែសីហា។
សេចក្តីជូនព័ត៌មាន ដែល Fresh News ទទួលបាន ក្រសួងបានបញ្ជាក់ថា មេរោគបំប្លែងថ្មី បានកើតមានក្នុងរាជធានី -ខេត្តចំនួន២៣ លើកលែងតែខេត្តកែប និងក្រចេះតែប៉ុណ្ណោះ។ រាជធានីភ្នំពេញ មានចំនួនច្រើនជាងគេ រហូតដល់ទៅ ៤៦នាក់។
ក្នុងសេចក្តីជូនព័ត៌មាន បានបញ្ជាក់ថា មេរោគបំប្លែងថ្មីនេះ រកឃើញលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល រវាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ ភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្សផងដែរ។
បើតាមក្រសួងសុខាភិបាល លទ្ធផលនេះ បង្ហាញឱ្យឃើញថា មេរោគដែលតា បាននិងកំពុងបន្តរាតត្បាតវាយ លុកចូលក្នុងសហគមន៍របស់កម្ពុជា។ ជាពិសេសរាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត។
យោងទៅលើស្ថានភាពនៃការរីករាលដ៏គួរឱ្យបារម្ភនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកជាថ្មី និងអំពាវនាវដោយទទូចដល់សាធារណជនឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹង ជំងឺកូវីដ-១៩»។ ការធ្វើបែបនេះសំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ។
សូមបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើង នៅពេលដែលដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា។
ក្រសួងសុខាភិបាល បានកត់សម្គាល់ផងដែរថា ការចម្លងមេរោគនាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ដិ។ ក្រសួងអំពាវនាវដល់យុវវ័យគ្រប់រូបបង្កើនការប្រុងប្រយ័ត្ន និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩៕