ប្រេស៊ីលបង្កើនកម្លាំងសន្ដិសុខ មុនពេលការប្រកួតអូឡាំពិកមកដល់ ខណៈពិភលោកកំពុងរងការវាយប្រហារដោយភេរវកម្ម
30-03-2016 10:41
(រីយ៉ូ)៖ កងទ័ពជើងទឹករបស់ប្រទេសប្រេស៊ីល បានចាប់ផ្តើមធ្វើសមយុទ្ធយោធាជាមួយនឹងសមភាគី អាមេរិក នៅក្នុងទីក្រុងរីយ៉ូ ឌឺ ហ្សេណេរ៉ូ (Rio de Janeiro) សម្រាប់ត្រៀមការពារសន្តិសុខ ដល់ការប្រកួតកីឡាអូឡាំពិក នាខែសីហាឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦។
សមយុទ្ធខាងលើនេះ បានចាប់ផ្តើមឡើងនៅជ្រោយសមុទ្រ Guanabara ដោយក្នុងនោះមានការ ហាត់សមពីរបៀបសង្គ្រោះនាវាដែលត្រូវប្លន់ដោយពួកភេរវករ ព្រមទាំងការប្រើប្រាស់ទូកសង្គ្រោះ និង ឧទ្ធម្ភាគចក្រហោះបំពេញប្រតិបត្តិការ ចេញពីនាវាចម្បាំងផងដែរ។ វាត្រូវបានប្រព្រឹត្តទៅនៅក្បែរ តំបន់ដែលត្រៀមធ្វើការប្រកួតកីឡាអូឡាំពិកនោះតែម្តង។
គួរបញ្ជាក់ថា អំពើភេរវកម្មនៅតំបន់អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា និងអាស៊ីភាគច្រើនបានកើតឡើងនៅ កន្លែងដែលមានមនុស្សម្នាកកកុញ ជាពិសេសគឺការប្រកួតកីឡា នៅកីឡាដ្ឋានធំៗនោះតែម្តង។ ការវាយប្រហារនៅទីក្រុងប៉ារីសនៅឆ្នាំ ២០១៥ និងការវាយប្រហារនៅបែលហ្ស៊ិក កាលពីពេលថ្មីៗនេះ គឺជាមេរៀនដ៏ជូរចត់បំផុត ដែលប្រទេសប្រេស៊ីលមិនអាចមើលរំលង៕