(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាជំរុញឲ្យប្រជាពលរដ្ឋដាំដុះឲ្យបានច្រើន ដើម្បីបង្កើនជីវភាពគ្រួសារ។
លោកស្រី ឃួន ឃុនឌី បានថ្លែងយ៉ាងដូច្នេះក្នុងពេលដែលលោកស្រី និងក្រុមការងារបានចុះពិនិត្យការលក់ដូរបន្លែធម្មជាតិរបស់ប្រជាពលរដ្ឋនៅសហគមន៍បុះម្កាក់ភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។
លោកស្រីបន្តថា ដើម្បីចូលរួមចំណែកក្នុងការជួយបំពេញតម្រូវការបន្លែ និងផលិតផលសុវត្ថិភាពនៅលើទីផ្សារក្នុងស្រុក កាត់បន្ថយបរិមាណបន្លែនាំចូលពីប្រទេសជិតខាង។ ស្តែងចេញពីសមិទ្ធផលដែលសម្រេចបាននេះ គឺស្របពេលដែលប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានធ្វើសេដ្ឋកិច្ចជាតិកម្ពុជាមានកំណើនបានល្អប្រសើរក្នុងរយៈពេលជាងម្ភៃឆ្នាំកន្លងមកនេះ និងបានធ្វើឲ្យប្រាក់ចំណូល របស់ប្រជាជនមានការកើនឡើងជាលំដាប់។
ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងរៀបចំកសាងគោលនយោបាល និងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-២០៣០ ដោយផ្តោតលើការធ្វើទំនើបកម្មកសិកម្ម យន្តូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មជាសំខាន់។
នៅចំពោះមុខអាជីវករ ផលិតករ អតិថិជន លោកស្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋងាកមកចូលរួមលើកស្ទួយឧបត្ថម្ភគាំទ្រ និងបរិភោគផលិតផលក្នុងស្រុកដែលកសិករជាអ្នកផលិត ដើម្បីគាំទ្រសេដ្ឋកិច្ចគ្រួសារកាត់បន្ថយចំណាកស្រុកពិសេស ដើម្បីសុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់យើងទាំងអស់គ្នា។
លោកស្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លេីគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មឧស្សាហកម្ម និងអប់រំដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀងអាហារជូនប្រជាជនកម្ពុជានឹងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក ឃួន ឃុនឌី បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធានការ ៣កុំ៣ការពារឱ្យបានត្រឹមត្រូវ ពេលនាំកូនមកចាក់វ៉ាក់សាំង សូមរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស មានអាកុលជាប់ខ្លួន ដើម្បីរួមគ្នាកាត់ ផ្តាច់ការចម្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍។
ក្នុងឱកាសនោះដែរ លោកស្រី ឃួន ឃុនឌី បានចូលរួមក្នុងការទិញនូវត្រសក់ចំនួន ២៥០គីឡូក្រាម យកទៅប្រគេនព្រះសង្ឃ ៥វត្ត មានវត្តកំពង់ធំ វត្តទេពនិម្មិត វត្តក្រចាប់ វត្តបិណ្តីយ៍ វត្តកំពង់ស្វាយ ដោយក្នុងមួយវត្តទទួលបានត្រសក់ ៥០គីឡូក្រាម និងថវិកា ៣០ម៉ឺនផងដែរ៕