(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសនៅយប់ថ្ងៃនេះថា កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង បាន៩លាននាក់ហើយ។ ជនទី៩លាន បានទៅលើលោកយាយ ព្រំ កួយ អាយុ ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់លើទំព័រ Facebook យ៉ាងដូច្នេះ «ខ្ញុំសូមអបអរសាទរលោកយាយ ព្រំ កួយអាយុ ៧៦ឆ្នាំរស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៩លាននៅថ្ងៃនេះ»។
សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា មកទល់ពេលនេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងការពារកូវីដ១៩ ចំនួន ៩លាននាក់ គឺស្មើនឹង ៩០% នៃប្រជាពលរដ្ឋ ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ ចំនួននេះមិនទាន់គិតពីការចាក់ជូនកុមារ និងយុវវ័យ ដែលមកដល់ពេលនេះចាក់បាន ៦៩.៤៧ភាគរយ នៃចំនួន ១.៩៦៦.៩៣១នាក់ ដែលត្រូវចាក់ព្រមទាំងបងប្អូនដែលបានចាក់ដូសទី៣ ឬដូសជំរុញនោះទេ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ប្រសិននិយាយពីតួលេខសរុប កម្ពុជាចាក់បានលើសពី ១០លាននាក់ ដែលស្មើប្រមាណ ៦៥ភាគរយនៃប្រជាជនសរុប ១៦លាននាក់។
ជាមួយការសម្រេចបានលទ្ធផលនេះ សម្តេចតេជោ បានអរគុណដល់ប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំចូលរួមនៅក្នុងដំណើរការចាក់វ៉ាក់សាំង។
សម្តេចតេជោ បានបញ្ជាក់ថា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង នឹងនាំយកថវិកាអំណោយរបស់សម្តេច ១០លានរៀល និងសម្ភារៈមួយចំនួនទៀត ទៅប្រគល់ជូនលោកយាយចាក់វ៉ាក់សាំងទី៩លានក្នុងពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែប្រឹងប្រែងរកវ៉ាក់សាំង និងជំរុញនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ។ សម្តេចតេជោ ក៏បានបញ្ចេញថវិកាផ្តល់ខ្លួនជាការលើកទឹកចិត្តសម្រាប់អ្នកចាក់វ៉ាក់សាំងទី១លាន, ២លាន, ៣លាន, ៤លាន, ៥លាន, ៦លាន, ៧លាន និង៨លាន ព្រមទាំងលោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើងផងដែរ៕