(ភ្នំពេញ)៖ ជនត្រូវចោទម្នាក់ឈ្មោះ គង់ ប៊ុនណាត ដែលពូកែខាងឆបោកលុយអ្នកចូលហ៊ុនរកស៊ីជាមួយគ្នា ត្រូវបានតុលាការដោះលែង ឲ្យនៅក្រៅឃុំ ក្រោយកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ និងបានបញ្ជូនទៅកាន់តុលាការ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។
សេចក្តីរាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានដោះលែងជនត្រូវចោទឈ្មោះ គង់ ប៊ុនណាត បន្ទាប់ពីកម្លាំងនគរបាលព្រហ្មកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនទៅតុលាការនៅព្រឹកថ្ងៃទី២៧ ខែសីហា។
សមត្ថកិច្ចបានបន្តថា ជនត្រូវចោទមានឈ្មោះ គង់ ប៊ុនណាត អាយុ៣៩ឆ្នាំ ជាប្រធានក្រុមហ៊ុនសាងសង់រស់នៅផ្ទះលេខ បេ៣២០ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបន្ថែមថា ការឃាត់ និងបញ្ជូនខ្លួនជនត្រូវចោទទៅកាន់តុលាការ ធ្វើឡើងតាមដីកាបញ្ជាឱ្យនាំខ្លួនរបស់លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្តដោយអភិបាល» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែឧសភា និងខែមិថុនា ឆ្នាំ២០២០៕