(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលបានឧបត្ថម្តផ្លែមៀនខ្មែរ ចំនួន៥តោន ដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់ចែកជូនដល់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រូពេទ្យជួរមុខ ដើម្បីបានទទួលទាន និងក្នុងន័យចូលរួមចំណែកក្នុងការគាំទ្រលើកទឹកចិត្តក្នុងសកម្មភាពបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសលើកស្ទួយជីវភាពរបស់ប្រជាកសិករដែលបង្កបង្កើនផល នូវដំណាំផ្លែមៀនប៉ៃលិន ឲ្យបានល្អប្រសើរ។
អំណោយមៀនទាំង ៥តោន ធ្វើឡើងតាមរយៈនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។
លោក ជា សុមេធី តំណាងឲ្យក្រុមប្រឹក្សាខេត្ត និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ក្រុមគ្រូពេទ្យ កងកម្លាំង មន្ត្រីជួរមុខ និងយុវជនស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ចាត់ទុកថា អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាការយកចិត្តទុកដាក់ខ្ពស់ អំពីជីវភាពរស់នៅក៏ដូចជាសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ និងមន្រ្តីរាជការជួរមុខកំពុងបំពេញបេសកកម្មនៅទូទាំងខេត្តព្រៃវែង៕