(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ទោ ឡេង ហុង តំណាងនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នេះ បាននាំយកផ្លែមានចំនួន២តោន ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាប្រគល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីចែកចាយដល់ប្រជាពលរដ្ឋនៅ ក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលចត្តាឡីស័កនៅក្នុងទូទាំងខេត្តកំពង់ឆ្នាំង។
ក្នុងពេលប្រគល់ផ្លែមានទាំង២តោននេះ ដល់លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង, លោកឧត្តមសេនីយ៍ទោ ឡុងហេង បានថ្លែងថា ផ្លែមានចំនួន២តោននេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចំណាយថវិកាទិញពីប្រជាកសិករនៅក្នុងខេត្តប៉ៃលិន ដើម្បីឱ្យកងអង្គរក្ស ដឹកជញ្ជូនយកមកចែកចាយជូនរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងព្យាបាលជំងឺកូវីដ១៩ នឹងកំពុងធ្វើចិត្តាឡីស័ក នៅតាមមូលដ្ឋាន។
លោកស្រី ប៊ុន សុភី តំណាងឱ្យលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ជាក់ស្តែងនៅថ្ងៃនេះ សម្ដេចទាំងទ្វេរបានឧបត្ថម្ភនូវផ្លែមៀនចំនួន២តោន ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ចែកជូនដល់មណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលចត្តាឡីស័កទាំងអស់ទៅក្នុងខេត្តកំពង់ឆ្នាំង។
លោកស្រី ប៊ន សុភី បានបន្តថា ជំនួសមុខឱ្យលោកអភិបាលខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ សូមគោរពថ្ងៃអំណរគុណ និងគោរពជូនពរដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឱ្យជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ មានអាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាប្រកបដោយគតិបណ្ឌិត ដើម្បីដឹកនាំកម្ពុជាឱ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យជាបន្តទៀត។
ជាមួយគ្នានេះដែរ លោកស្រីសន្យាថានឹងធ្វើការបែងចែកផ្លែមានទាំងអស់នេះឱ្យបានចំគោលដៅ និងដល់ដៃប្រជាពលរដ្ឋនៅគ្រប់មណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលចត្តាឡីស័កគ្រប់មូលដ្ឋាន ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលទានបំប៉នសុខភាពឱ្យបានល្អ ដើម្បីឈ្នះជំងឺកូវីដ១៩ គ្រប់ៗគ្នា៕