(សៀមរាប)៖ មូលនិធិជនពិការបានប្រគល់ផ្ទះមួយខ្នង និងអំណោយមួយចំនួនទៀត ជូនជនពិការក្រីក្រ ឈ្មោះ សុន សុទិត្យវិច្ឆិកា រស់នៅភូមិកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ពិធីប្រគល់នេះធ្វើឡើងនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ស៊ឹម សុធន នាយកមូលនិធិជនពិការ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។
លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានលើកឡើងថា តាមរបាយការណ៍របស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការផ្តល់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍ គឺគ្រួសារជនពិការខាងលើ មានសមាជិកចំនួន៣នាក់ ដែលមានប្តីក៏ជាជនពិការជើងផងដែរ ដែលកន្លងមកពួកគាត់រស់នៅក្នុងផ្ទះខ្ទមចាស់ទ្រុតទ្រោមមួយទំហំ ៣ម៉ែត្រគុណនឹង៤ម៉ែត្រ និងមានចំណូលទាប និងមិនមានទីពឹង។
តាមរយៈរបាយការណ៍នេះ មូលនិធិជនពិការ ក៏សម្រេចផ្តល់ផ្ទះ១ខ្នង ទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើពីថ្មប្រកស័ង្កសីដល់គ្រួសារគាត់ ដើម្បីលើកកម្ពស់សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ពួកគាត់។
លោកនាយកមូលនិធិជនពិការ បានកោតសរសើរដល់គ្រួសារជនពិការខាងលើ ដែលបានកែច្នៃដីលំនៅឋាន លើការដាំបន្លែ និងចិញ្ចឹមសត្វកង្កែបខ្នាតតូច ដើម្បីអភិវឌ្ឍន៍ជីវភាពឱ្យកាន់តែប្រសើរ។
ក្រៅពីផ្ទះមួយខ្នងនេះ ជនពិការខាងលើក៏បានទទួលនូវកញ្ចប់អំណោយ របស់មូលនិធិជនពិការរួមមាន អង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវវ១យួរ អំបិល២គីឡូក្រាម ត្រីខ២យួរ មី១កេស និងថវិកា១០ម៉ឺនរៀល៕