(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ប្រគល់សម្ភារបរិក្ខារវេជ្ជសាស្ត្រមួយចំនួន ដែលទទួលបានពីសប្បុរសជន ជូនមន្ទីរពេទ្យបង្អែកស្រុកកោះធំ និងមណ្ឌលសុខភាពនានា ក្នុងស្រុកកោះធំ នៅមន្ទីរពេទ្យ ស្រុកកោះធំ ខេត្តកណ្តាល។
ថ្លែងក្នុងកម្មវិធីប្រគល់-ទទួលសម្ភារបរិក្ខារវេជ្ជសាស្ត្រនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងពីរចនាសម្ព័ន្ធអាគារថ្មី នៃមន្ទីរពេទ្យបង្អែក ស្រុកកោះធំ ដែលគ្រោងនឹងបើកការដ្ឋានក្នុងខែតុលា ឆ្នាំ២០២១ខាងមុខនេះ សាងសង់នៅលើទីតាំងចាស់ ហើយការសាងសង់មានរយៈពេល១២ខែ គ្រោងនឹងបញ្ចប់ការ សាងសង់ នៅឆ្នាំចុងឆ្នាំ២០២២។
អាគារថ្មី នៃមន្ទីរពេទ្យបង្អែកថ្មីនេះបង្កើតឡើងដើម្បីផ្តល់សេវាថែទាំសុខភាព និងព្យាបាលអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សមរម្យ គុណភាពល្អ និងឆាប់រហ័ស ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះធំ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុក និងតំបន់ដែលនៅជិតស្រុកកោះធំឱ្យទទួលបាន ទំនុកចិត្ត និងភាពកក់ក្តៅ កាន់តែខ្លាំងឡើង ក្នុងការទទួលសេវាសុខភាពពីរាជរដ្ឋាភិបាលកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនថា មន្ទីរពេទ្យនេះមានគ្រែចំនួន១៥០ជាមន្ទីរពេទ្យថ្នាក់ទី៣ បំពាក់ដោយសម្ភារៈបរិក្ខារវេជ្ជសាស្ត្រគ្រប់គ្រាន់ ក្រោមការគាំទ្រ និងកិច្ចសហការ យ៉ាងជិតស្និទ្ធពីមន្ទីរពេទ្យកាល់ម៉ែតផងដែរ៕