(បន្ទាយមានជ័យ)៖ ក្រុមគ្រូពេទ្យកងទ័ពយោធភូមិភាគទី៥ តាមរយៈរថយន្តចល័តរបស់ខ្លួន នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១នេះ បានចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
យុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅក្នុងស្រុកព្រះនេត្រព្រះនេះ ដឹកនាំដោយឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការរងទិសទី១ បន្ទាយមានជ័យ និងឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១។
ប្រជាពលរដ្ឋក្នុងស្រុកព្រះនេត្រព្រះ ដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានចំនួនប្រមាណជា ៣ម៉ឺននាក់។ ក្រុមការងារគ្រោងប្រើរយៈពេលប្រមាណជា ២០ថ្ងៃចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋឱ្យរួចរាល់ ហើយបន្តចាក់ដូសទី២ ជូនពួកគាត់តែម្តង។
ក្នុងពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋស្រុកព្រះនេត្រព្រះនាព្រឹកនេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំងដូសទី១ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាពិសេសបន្តអនុវត្តវិធានការ «៣កុំ ៣កាពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ១៩។
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាវិធីសាស្ត្រដ៏ចាំបាច់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារប្រជាពលរដ្ឋពីការរាតត្បាតនៃជំងឺកូវីដ១៩។ ខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែនថៃ ក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។
ខេត្តជាប់ព្រំដែនមួយនេះ ត្រូវបានរ៉ាប់រងចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យកងទ័ពនៃយោធភូមិភាគទី៥។ យោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងការចង្អុលបង្ហាញរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ដូចជាអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី ក្រុមគ្រូពេទ្យកងទ័ពនៃយោធភូមិភាគទី៥ បានយកចិត្តទុកដាក់ខ្ពស់លើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ។
ក្រុមគ្រូពេទ្យ ក៏បានរៀបចំរថយន្តដើម្បីចល័តចូលទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមតំបន់ឆ្ងាយៗថែមទៀតផង។
រហូតមកដល់ពេលនេះខេត្តបន្ទាយមានជ័យ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង និងកុមារ-យុវវ័យ អាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ បានចំនួនសរុបជាង ២០ម៉ឺននាក់ហើយ។
ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ សុទ្ធតែបានសម្តែងក្តីត្រេកអរ រីករាយ និងរំភើបឥតឧបមា។ ពួកគេបានគោរពថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនពួកគេ ដើម្បីការពារជំងឺកូវីដ-១៩។
ប្រជាពលរដ្ឋ ក៏ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យកងទ័ព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់វ៉ាក់សាំងជូនពួកគាត់៕