(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការដាក់ឲ្យអនុវត្តមុខងារគ្រប់គ្រងទូរស័ព្ទចល័ត និងឧបករណ៍ប្រើប្រាស់ស៊ីមកាតផ្សេងៗ ដើម្បីពង្រឹងប្រសិទ្ធភាព ការប្រមូលចំណូលពន្ធ-អាករ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែសីហានេះ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ-អាករ លើមុខទំនិញប្រភេទទូរស័ព្ទចល័តនាំចូលគ្រប់ប្រភេទ និងស្របតាមយុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានរៀបចំរួចរាល់នូវមុខងារ គ្រប់គ្រងទូរស័ព្ទចល័ត និងឧបករណ៍ប្រើប្រាស់ស៊ីមកាតផ្សេងទៀត នៃប្រព័ន្ធអេឡិចត្រូនិកគយ ដែលមានមុខងារសំខាន់ក្នុងការកត់ត្រា និងគ្រប់គ្រងលេខអត្តសញ្ញាណ ឧបករណ៍ចល័តអន្តរជាតិ (IMEI)នៃទូរស័ព្ទចល័ត និងឧបករណ៍ប្រើប្រាស់ស៊ីមកាតផ្សេងទៀត ដែលបាននាំចូលដោយ បំពេញកាតព្វកិច្ចពន្ធ និងអាករតាមបទប្បញ្ញត្តិជាធរមាន។
អគ្គនាយកដ្ឋានគយបានបញ្ជាក់ថា ដាក់ឱ្យអនុវត្តមុខងារគ្រប់គ្រងទូរស័ព្ទចល័ត និងឧបករណ៍ប្រើប្រាស់ស៊ីមកាតផ្សេងទៀត នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ហើយនីតិវិធីលម្អិតនៃការអនុវត្តមុខងារនេះ មាននៅក្នុង «សៀវភៅមគ្គុទេសក៍មុខងារគ្រប់គ្រងទូរស័ព្ទចល័ត និងឧបករណ៍ប្រើប្រាស់ស៊ីមកាតផ្សេងទៀត» ដែលអាចរកបាននៅលើគេហទំព័រផ្លូវការ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕