(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៦៤នាក់បន្ថែមទៀត ក្នុងនោះចំនួន៥៤នាក់ ជាពលករទើបមកពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់, ៩នាក់ ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ និង ១នាក់ទៀត ជាពលករកំពុងធ្វើចត្តាឡីស័ក ខណៈមានអ្នកជាសះស្បើយជំងឺកូវីដ១៩ ចំនួន១៥៩នាក់ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ទើបរកឃើញនេះ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។
ក្នុងករណីមានរោគសញ្ញាក្អក ផ្តាសាយ ហៀសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្ដៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត ត្រូវទាក់ទងក្រុមការងារប្រចាំការ និងយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកអន្លង់វែង ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ៖ ០១២ ៤៩៩ ១៩២។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន ៦,៤៧៩នាក់ ក្នុងនោះករណីនាំចូលពីបរទេស ៥,៣២៨នាក់ និងករណីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ១,១៥២នាក់។ ជាមួយគ្នានេះ មានអ្នកព្យាបាលជាសះស្បើយក្នុងខេត្តចំនួន ២,៩៦០នាក់ និងកំពុងសម្រាកព្យាបាលក្នុងខេត្តចំនួន ១,៣៨៤នាក់ ស្លាប់ចំនួន ១២នាក់៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖