(ភ្នំពេញ)៖ មន្រ្តីរដ្ឋសភាបានឱ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំមួយ នៅនៅម៉ោង៩៖០០ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ ដើម្បីពិភាក្សាអំពីសំណើរបស់រាជរដ្ឋាភិបាល ដែលសុំរុះរើគណៈរដ្ឋមន្រ្តី ហើយឱ្យរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាសភាព គណៈកម្មការទាំង១០នៃរដ្ឋសភា។
សូមជំរាបថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការនូវការស្នើរុះរើគណៈរដ្ឋមន្រ្តី ពាក់កណ្តាលអាណត្តិនេះ ក្នុងនោះមានឧបនាយករដ្ឋមន្រ្តី២រូប និងរដ្ឋមន្រ្តី១រូប ត្រូវបានបញ្ចប់តំណែង ហើយក៏មានការផ្លាស់ប្តូររដ្ឋមន្រ្តី នៅក្រសួងចំនួន៧ផងដែរ។
រដ្ឋសភា នឹងបើកកិច្ចប្រជុំលក្ខណៈវិសមញ្ញ មួយ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទៅលើការតែងតាំង និងផ្លាស់ប្តូររដ្ឋមន្រ្តីមួយចំនួន នៅក្នុងការរុះរើគណៈរដ្ឋមន្រ្តី ពាក់កណ្តាលអណត្តិនេះ៕