(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ា ឈឿន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកស្រី អ៊ុក ម៉ាលី នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ បានអញ្ជើញថ្នាក់ដឹកនាំ និងក្រុមការងារ ចុះជួយស្រុកជើងព្រៃ មកប្រជុំដល់គេហដ្ឋានរបស់លោក ដើម្បីពង្រឹងការងារ បក្សបន្ថែមទៀត ព្រមទាំងត្រៀមរៀបចំសកម្មភាពផ្សេងៗ សម្រាប់ ថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិនាពេលខាងមុខនេះ។
កិច្ចប្រជុំនោះ ក៏មានការអញ្ជើញ ចូលរួមពី សំណាក់លោក ម៊ឹង មករា ប្រធានក្រុមយុវជន ស្រុកជើងព្រៃ និង សហការីទាំងអស់ ប្រធាន និងអនុប្រធាន ក្រុមការងារចុះជួយឃុំទាំង១០ នៃស្រុកជើងព្រៃ និងអាជ្ញាធរមូលដ្ឋាន ស្រុកជើងព្រៃផងដែរ។
កិច្ចប្រជុំនេះដើម្បីរៀបចំស្តីពី ការព្រាងសកម្មភាពផ្សេងៗ សម្រាប់ប្រារព្ធពិធីលេងល្បែងប្រជាប្រិយ និងល្បែង កំសាន្តនានា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹង ត្រូវធ្វើនៅថ្ងៃទី៨ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ក្នុងមូលដ្ឋានក្បែរផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ជាមួយគ្នានេះនាយឧត្តមសេនីយ៍ ម៉ា ឈឿន បានថ្លែងជំរុញដល់ក្រុមការងារទាំងអស់ ត្រូវបន្តសកម្មភាពចុះជួបជាមួយប្រជាពលរដ្ឋ តាមមូលដ្ឋានដើម្បីស្តាប់នូវបញ្ហាទាំងឡាយដែលកើតមានឡើងដល់ពួកគាត់ និងស្វែងយល់ពីស្ថានភាពរស់នៅប្រចាំព្រមទាំងការជួយដោះស្រាយបញ្ហាផ្សេងៗ បានទាន់ ពេលវេលាផងដែរ៕