(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន មេបញ្ជាការសឹករងខេត្តព្រះវិហារ ដែលធ្លាប់ដឹកនាំកម្លាំងចូលរួមប្រយុទ្ធតស៊ូការ ពារការឈ្លានពានរបស់កងទ័ពសៀមនោះ បានទទួលមរណភាពនៅម៉ោង ១៖៤៦នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៦ ដោយសារជំងឺមហារីកគ្រាប់ឈាម។
ប្អូនប្រុសលោក សោម បុប្ផារ័ត្ន បានប្រាប់ Fresh News នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះថា លោក សោម បុប្ផារ័ត្ន បានធ្លាក់ ខ្លួនឈឺធ្ងន់ (មហារីកគ្រាប់ឈាម) ហើយដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម អស់រយៈពេលមួយខែ។ បន្ទាប់ពី ការព្យាបាលមិនទទួលបានជោគជ័យ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមគ្រួសារបានដឹកបញ្ជូនត្រឡប់មកគេហដ្ឋានវិញ ស្ថិតនៅទីរួមខេត្តព្រះវិហារ។
លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះថា សពរបស់លោក ឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន ត្រូវបានក្រុមគ្រួសាររៀបចំតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេដ្ឋានក្នុងទីរួមខេត្តព្រះវិហារ ។ បើតាមលោក អ៊ុំ ម៉ារ៉ា នៅព្រឹកថ្ងៃទី៣១ ខែមីនា ស្អែកនេះ នាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការយោធភូមិភាគទី៤ និងរូបលោក ព្រមទាំងមន្រ្តីក្នុងខេត្តទាំងមូល នឹងអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ។
លោកឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន មានអាយុ ៥៤ឆ្នាំ មានកូន ៤នាក់នៅក្នុងបន្ទុក។ លោក បានធ្វើជាមេបញ្ជាការសឹក រងខេត្ត ព្រះវិហារអស់ជាច្រើនឆ្នាំមកហើយ ដែលទទួលបានការគោរពស្រឡាញ់យ៉ាងខ្លាំងពីនាយទាហាន ពលទាហានក្រោមឱវាទ។ ក្រៅពី ការបំពេញតួនាទីជាអ្នកការពារបូរណភាពទឹកដីហើយនោះ លោក សោម បុប្ផារ័ត្ន ក៏តែងបានធ្វើសកម្មភាពមនុស្សធម៌ជាច្រើនផងដែរ ជាមួយប្រជាពលរដ្ឋជួបការលំបាក ឬខ្សត់ខ្សោយក្នុងជីវភាព។
ជាពិសេសគេនៅចាំបានថា កាលពីអំឡុង នៃការចូលឈ្លានពានរបស់កងទ័ពសៀម នាឆ្នាំ២០០៨ លោក សោម បុប្ផារ័ត្ន ក៏បានចូល រួមដឹកនាំកងទ័ពប្រយុទ្ធតស៊ូការពារទឹកដី ដ៏អង់អាចក្លាហានផងដែរ៕
ខាងក្រោមជារូបភាពលោក សោម បុប្ផារ័ត្ន ក្នុងសកម្មភាពមនុស្សធម៌នាពេលកន្លងមក