(កំពង់ធំ)៖ សាលាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំដើម្បីពង្រឹង សមត្ថភាពមន្ត្រីតុលាការ និងមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការអនុវត្តច្បាប់ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ កាន់តែមានប្រសិទ្ធភាពខ្លាំងឡើង។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោក សុខ រឿន អគ្គព្រះរាជ្ញារងអមសាលាឧទ្ធរណ៍ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ លោក អិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងថ្នាក់ដឹកនាំមួយចំនួនទៀត នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ព្រមទាំងមន្រ្តីដែលបានចូលរួមប្រមាណ ៣០០នាក់ផងដែរ។
កិច្ចប្រជុំនេះបានធ្វើឡើងក្នុងគោលបំណង ដោយផ្តោតសំខាន់ ទៅលើនិតិវិធី នៃការអនុវត្តច្បាប់ និងបញ្ហាប្រឈម។ តាមរយៈបទអន្តរាគមន៍ នឹងកិច្ចពិភាក្សាឃើញថា មានចំណុចកត់សម្គាល់ជាច្រើនដែលត្រូវដោះស្រាយដូចជា៖ សំណុំរឿងកកស្ទះច្រើន នៅតុលាការ ចាត់ការមិនទាន់ការអនុវត្តន៍ដីកាតុលាការ មិនសូវបានល្អ របស់មន្ត្រីនគរបាលយុត្តិធម៌ ដោយមានហេតុផលផ្សេងៗ។
ការអនុវត្តន៍មិនបានបែបនេះ គឺជាឱកាសមួយ ដែលធ្វើឲ្យជនល្មើសនៅតែរួចខ្លួនរហូតសំណុំរឿងដីធ្លី ខ្លះរហូតរាប់រយហិកតា រកអត្តសញ្ញាណម្ចាស់ដី មិនឃើញដោយដាក់ថា អញ្ញត្តិជន មន្ត្រីនគរបាលយុត្តិធម៌អង្គភាពខ្លះ មិនគោរពតាមដីកា សម្រេចរបស់តុលាការ វត្ថុតាងបទល្មើសជាច្រើន ពុក ផុយ ខូចខាត បាក់បែក ដោយសារដំណើរការ នីតិវិធីយឺតយូរពេក ការកសាងសំណុំរឿងរបស់មន្ត្រីជំនាញ មិនបានគ្រប់ជ្រុងជ្រោយ មន្ត្រីមួយចំនួន នៅខ្វះឆន្ទៈនិងក្រមសីលធម៌វិជ្ជាជីវៈ របស់ខ្លួនដែលតម្រូវឲ្យពិនិត្យ មើលឡើងវិញដើម្បីប្រសិទ្ធភាពការងារ។
នៅក្នុងកិច្ចប្រជុំនេះ លោក គង់ វិមាន ក្នុងនាមគណៈអភិបាលខេត្ត សូមសំណូមពរឲ្យមន្ត្រីទាំងអស់ ពិនិត្យ និងប្តូរឥរិយាបទ ពីភាពអសកម្មការងារចន្លោះប្រហោងការងារ និងការខ្វះចន្លោះក្នុងការបំពេញ នីតិវិធីផ្សេងៗ ធ្វើការកែតម្រូវដោយចាំបាច់ បំផុតដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងសង្គមជាតិក្នុងរប ត់កំណែទម្រង់ស៊ីជុំរៅ ស្របតាមគោល នយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រដ្ឋាភិបាល។
លោកថា ត្រូវនាំគ្នាធ្វើការដោយមានការទទួលខុសត្រូវ ដើម្បីបង្ហាញដល់មតិជាតិ និងអន្តរជាតិពីការខិតខំធ្វើកំណែទម្រង់ទំនើបកម្ម ច្បាប់សារធាតុ និងច្បាប់នីតិវិធី និងផ្តល់សេវាយុត្តិធម៌ ដល់ប្រជាពលរដ្ឋបានសមស្រប និងទាន់ពេលវេលា ដើម្បីសិក្សាឡើងវិញអំពីភាពខ្វះខាត ភាពអសកម្មហើយយកដំណោះស្រាយ សមស្រប និងកំណត់ទិសដៅអនុវត្តខាងមុខ ក្នុងគោលដៅបម្រើនយោបាយយុត្តិធម៌ ដែលតម្រូវឲ្យ ការគោរពច្បាប់ យ៉ាងម៉ឺងម៉ាត់ និងធានាភាពទុកចិត្តលើ ប្រព័ន្ធតុលាការ ដោយអនុវត្តអភិក្រមចំនួន៤របស់សម្តេចតេជោនាយករដ្ឋមន្ត្រីគឺ ងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល និងព្យាបាល ហើយក៏សូមឲ្យព្រះរាជអាជ្ញា ដឹកនាំការប្រជុំមន្ត្រី នគរបាលយុត្តិធម៌ឲ្យ បានរៀងរាល់ខែ ឬយ៉ាងហោចមួយត្រីមាសម្តង៕