(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន មេបញ្ជាការសឹករងខេត្តព្រះវិហារ បានកើតជំងឺមហារីកគ្រាប់ឈាមឈានដល់ដំ ណាក់កាលចុងក្រោយ ពោលរង់ចាំតែដង្ហើមចុងក្រោយប៉ុណ្ណោះ បន្ទាប់ពីការព្យាបាលមិនបានសម្រេចអស់រយៈជាង ១ខែនៅប្រទេស វៀតណាម។
ប្អូនប្រុសលោក សោម បុប្ផារ័ត្ន បានប្រាប់ Fresh News នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះថា លោក សោម បុប្ផារ័ត្ន បានធ្លាក់ ខ្លួនឈឺធ្ងន់មហារីកគ្រាប់ឈាម ហើយដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម អស់រយៈពេលមួយខែ។ បន្ទាប់ពី ការព្យាបាលមិនទទួលបានជោគជ័យ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមគ្រួសារបានដឹកបញ្ជូនត្រឡប់មកគេហដ្ឋានវិញ ស្ថិតនៅទីរួមខេត្តព្រះវិហារ។
បើតាមប្អូនប្រុសរបស់លោក សោម បុប្ផារ័ត្ន បានឲ្យដឹងថា រហូតដល់យប់នេះ ក្រុមគ្រួសារនៅរង់ចាំតែដង្ហើមចុងក្រោយប៉ុណ្ណោះ ពោលស្ថានភាពជំងឺបានវិវឌ្ឍទៅមុខ ហើយក្រុមគ្រួសារ ក៏បានត្រៀមរៀបចំពិធីបុណ្យផងដែរ។
លោកឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន បច្ចុប្បន្នមានអាយុ ៥៤ឆ្នាំ មានកូន ៤នាក់នៅក្នុងបន្ទុក។ លោក បានធ្វើជាមេបញ្ជាការសឹក រងខេត្តព្រះវិហារអស់ជាច្រើនឆ្នាំមកហើយផងដែរ។
លោក សោម បុប្ផារ័ត្ន ជាមេបញ្ជាការមួយរង ដែលទទួលបានការគោរពស្រឡាញ់យ៉ាងខ្លាំងពីនាយទាហាន ពលទាហានក្រោមឱវាទ ហើយលោក ក៏តែងបានធ្វើសកម្មភាពមនុស្សធម៌ជាច្រើនផងដែរ ជាមួយប្រជាពលរដ្ឋជួបការលំបាក ឬខ្សត់ខ្សោយក្នុងជីវភាព៕
ខាងក្រោមជារូបភាពលោក សោម បុប្ផារ័ត្ន ក្នុងសកម្មភាពមនុស្សធម៌នាពេលកន្លងមក