(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការកាត់ទោសលោកស្រី សុភ័គ្គ ថាវី ជាមន្ត្រីរាជការម្នាក់ ពាក់ព័ន្ធសំណុំរឿងឆបោកប្រាក់ជនបរទេស ជាង៧ម៉ឺនដុល្លារ ក្នុងការរត់ការចូលសញ្ជាតិខ្មែរ ក្រោយស្រ្តីរូបនេះ បានប្តឹងជំទាស់នឹងសាលក្រមរបស់តុលាការ។
យោងតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សវនាការកាត់ទោសលោកស្រី សុភ័គ្គ ថាវី នឹងធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ។
សូមជម្រាបជូនថា លោកស្រី សុភ័គ្គ ថាវី ត្រូវបានលោក ឡុង វណ្ណា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ពីបទ «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៦ និងឆ្នាំ២០១៧។
គួររម្លឹកថា កាលពីអំឡុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ លោកស្រី សុភ័គ្គ ថាវី បានលួងលោមជនរងគ្រោះម្នាក់ឈ្មោះ TAKAHASHI AKIHIRO ភេទប្រុស អាយុ៤៩ឆ្នាំ ជាជនជាតិជប៉ុន មានមុខរបរពាណិជ្ជករ ឱ្យចូលសញ្ជាតិខ្មែរ ដោយលោកស្រី សុភ័គ្គ ថាវី បានធានារត់ការក្នុងតម្លៃ ៧៥,០០០ដុល្លារ។ ដោយជឿជាក់លើលោកស្រី សុភ័គ្គ ថាវី ថា ជាមន្ត្រីជាន់ខ្ពស់ផងនោះ ទើបជនរងគ្រោះព្រមប្រគល់លុយចំនួន ៧៥,០០០ដុល្លារ ឱ្យទៅលោកស្រី សុភ័គ្គ ថាវីតែម្តង។
មិនដូចការសន្យាឡើយ ក្រោយទទួលបានលុយពីជនរងគ្រោះរួចហើយ, លោកស្រី សុភ័គ្គ ថាវី បានគេចវេស និងយកលេសរវល់រហូត ពោលគឺមានឆន្ទៈបោកប្រាស់ ជនរងគ្រោះតែម្ដង ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹង ទៅតុលាការ ដើម្បីទាមទារលុយនោះមកវិញ ប៉ុន្តែរហូតមកដល់ពេលនេះ ជនរងគ្រោះនៅតែបន្តរងគ្រោះ ព្រោះលោកស្រី សុភ័គ្គ ថាវី បានអន្តរាគមន៍ និងរត់ការយករួចខ្លួនរហូត៕