(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លោក ហាក់ សុខមករា សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បានចូលរួមជាគណ:អធិបតី ក្នុងពិធីប្រកាសកែសម្រួលក្រុមការងារយុជន ក្នុងរចនាសម្ព័ន្ធស្រុក យុវជនឃុំ និងសកម្មជនយុវជនភូមិ ក្នុងស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ។ នេះជាការប្រកាសកែសម្រួលរចនាសម្ព័ន្ធក្បាលម៉ាស៊ីន ក្រុមការងារយុវជនក្រុងស្រុក ទាំង ៦ស្រុក១ក្រុង ស្រុកអូរាំងឪជាស្រុកចុងក្រោយ។
ពិធីនេះដែរ ក៏មានការអញ្ជើញជាគណៈធិបតីពីសំណាក់លោក រ័ត្ន វីរ: អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ទទួលបន្ទុកការងារយុវជនតំណាងលោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកអូររាំងឪ អស់លោកអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រី អនុប្រធាន សមាជិកក្រុមអចិន្រ្តៃយ៍យុវជនគណបក្សខេត្ត លោក ងួន ប៊ុណ្ណាន ប្រធានគណបក្សស្រុក និងអស់លោក លោកស្រី អនុប្រធានគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សស្រុក លោក លោកស្រី សមាជិក សមាជិកាក្រុមការងារយុវជនគណបក្សស្រុក ប្រធានក្រុមការងារយុវជនគណបក្សឃុំ ប្រធានសកម្មជនយុវជនភូមិសរុបចំនួន ២៤៦នាក់។
គួរបញ្ជាក់ថា ការរៀបចំពិធីនេះ ត្រូវបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុខាភិបាល រក្សាបាននូវខ្យល់អាកាសចេញចូលដើម្បីជៀសវាងការឆ្លងជំងឺកូវីដផងដែរ។
ក្នុងពិធីនេះ លោក ហាក់ សុខមករា បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមការងារគណបក្ស ចុះជួយខេត្តត្បូងឃ្មុំ និងលោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជនជូនដល់ក្រុមការងារយុវជនគណបក្សក្នុងរចនាសម្ព័ន្ធទាំងអស់ទើបប្រកាសកែសម្រួលតែងតាំងថ្មី។
លោកក៏បានលើកឡើងអំពីគោលការណ៍ ក្នុងការគ្រប់គ្រង រចនាសម្ព័ន្ធបក្ស ក្នុងជួរយុវជន ការកសាងសមាជិកបក្សក្នុងជួរយុវជន ការពង្រឹងសតិអារម្មណ៍យុវជនគណបក្ស និងបានផ្ដោតជាសំខាន់ ដើម្បីធានាបាននូវប្រៀបឈ្នះ របស់គណបក្សប្រជាជនកម្ពុជានៅពេលបោះឆ្នោតខាងមុខ និងផ្សព្វផ្សាយផែនការសកម្មភាព របស់ក្រុមការងារយុវជនគណបក្សខេត្ត ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
(យុវជនសមាជិកបក្ស១រូប គឺសម្លេងឆ្នោតគាំទ្រគណបក្ស១សន្លឹក)៕