(ភ្នំពេញ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា ៦ខែ ឆ្នាំ២០២១នេះ កម្ពុជាបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចបាន ១៩៨ករណី។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ថា ចំនួនបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច ទាំង១៩៨ករណីនេះ គឺកើនឡើង១៣៥ករណី បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ដែលមានត្រឹមតែ ៦៣ករណី។
លោកស្រីបន្តថា ក្នុងការបង្ក្រាបទាំងអស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ឃាត់ខ្លួនជនសង្ស័យបាន ២៩១នាក់ និងសង្គ្រោះជនរងគ្រោះបាន ៧២១នាក់។
លោកស្រី ជូ ប៊ុនអេង បានបន្ថែមថា ក្នុងការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច ទាំង១៩៨ករណីនេះដែរ មានករណីជួញដូរមនុស្សបែបកម្លាំងពលកម្ម ១៣៩ករណី ដែលឃាត់ខ្លួនបានជនសង្ស័យ ២៣១នាក់ និងការធ្វើអាជីវកម្មផ្លូវភេទ ៥៩ករណី ដែលឃាត់ខ្លួនជនសង្ស័យបាន ៦០នាក់។
លោកស្រីកត់សម្គាល់ថា ករណីជួញដូរមនុស្សបែបកម្លាំងពលកម្ម ទាំង ១៣៩ករណី ភាគច្រើនគឺជាការនាំចេញដោយខុសច្បាប់សម្រាប់ឆ្លងដែន រហូតដល់ទៅ ១២១ករណី ដែលឃាត់បានជនសង្ស័យ ១៩៨នាក់។ នៅមានប្រភេទនៃការជួញដូរមនុស្ស និងកេងវ័ញ្ច ច្រើនទៀត ប៉ុន្តែចំណុចដែលលើកឡើងនេះ ជាករណីធំៗ និងទូទៅ។
នៅពេលសួរថា ហេតុអ្វីបានជាឆ្នាំ២០២០ មានអំពើល្មើសតិច? លោកស្រី ជូ ប៊ុនអេង បញ្ជាក់ថា ដោយសារតែឆ្នាំ២០២០ ជាពេលដែលជំងឺកូវីដ១៩ វាយលុកបឋម ប្រជាពលរដ្ឋម្នាក់ៗ នៅតែភ័យព្រួយនៅឡើយ ខណៈកម្ពុជាក៏មានវិធានការបិទខ្ទប់ព្រំដែន អញ្ចឹងជនខិលខូចមិនទាន់រកវិធីឃើញទេ។
«ប៉ុន្តែមកដល់ ដើមឆ្នាំ២០២១ ស្រាប់តែមានសកម្មភាពពុះកញ្ជ្រោលឡើងវិញ ទាក់ទងទៅនឹងសកម្មភាពនេះ។ ប៉ុន្តែយើងមិនកន្តើយទេ គឺយើងបង្ក្រាបបាន ១៩៨ករណី ចាប់ខ្លួនជនសង្ស័យបាន ២៩១នាក់ និងសង្គ្រោះជនរងគ្រោះ ៧២១នាក់ឯណោះ»។ នេះជាការបញ្ជាក់ របស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។
ថ្លែងក្នុងនាមតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្តេជ្ញាសហការជាមួយ ដៃគូរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ប្រទេស និងកម្រិតតំបន់ លុបបំបាត់រាល់ទម្រង់នៃ អំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច ដើម្បីលើកស្ទួយការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌សង្គមមនុស្សជាតិ៕