(ភ្នំពេញ)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែសីហានេះ បានចេញសេចក្តីសម្រេចបន្តសុពលភាព នៃការអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តកំពង់ចាម ១សប្តាហ៍បន្ថែមទៀត។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែសីហានេះ។

រដ្ឋបាលខេត្តបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងខេត្តរយៈពេល ០១សប្តាហ៍ ចាប់ថ្ងៃទី២៧ ខែសីហា រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេស ក្នុងបរិបទដែលកម្ពុជា កំពុងប្រឈមនឹងការមកដល់នៃរលកទី៣ នៃការឆ្លងរីករាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មីប្រភេទ Delta និងស្របពេលខេត្តកំពង់ចាម ជាខេត្តមួយត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍»។

ជាមួយគ្នានេះដែរ រដ្ឋបាលបានខេត្ត ក៏បានណែនាំទៅអភិបាលក្រុង-ស្រុក ត្រូវហាមឃាត់នូវរាល់សកម្មភាពមួយចំនួនដូចខាងក្រោម៖

*សកម្មភាពមុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទជាអាទិ៍ ខារ៉ាអូខេ រង្គសាលឌីស្កូរតែក និងបៀហ្គាឌីន រមណីយដ្ឋានធម្មជាតិ និងកែឆ្នៃ សួនកម្សាន្តនានា អាជីវកម្មម៉ាស្សា, ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ, រោងភាពយន្ត, រោងសម្តែងសិល្បៈ, សារមន្ទីរ, បណ្ណាល័យ, ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា ការប្រគុំតន្ត្រី។
*សកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ដោយយោងតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
*រាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី១០នាក់ ត្រូវមានការអនុញ្ញាតិពីអាជ្ញាធរមានសមត្ថកិច្ច។
*រាល់ការជួបជុំ ឬប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទ។
*សកម្មភាពអាជីវកម្មពេលរាត្រីរួមមាន៖ តូបលក់ចល័ត ផ្សាររាត្រី ផ្សារទំនើប ម៉ាតហាងលក់ទំនិញគ្រប់ប្រភេទ ការជួបជុំនៅតាមទីសាធារណៈនានាដែលមានសភាពអ៊ូអរ និងការជួបជុំមនុស្សច្រើន ត្រូវហាមឃាត់ចាប់ពីម៉ោង២១៖០០នាទី ដល់ម៉ោង០៣៖០០នាទីព្រឹកជាកំហិត។
*សកម្មភាពប្រមូលផ្តុំមនុស្សក្នុងការថ្វាយបង្គំតាមបែបសាសនា៕