(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានបើកកម្មវិធីបណ្តុះបណ្តាលស្តីពី «ការពង្រឹងគោលនយោបាយសុខុមាលភាពសង្គម» ជូនមន្ត្រីមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT)។ កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានធ្វើតាមអនឡាញ។
រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈ «កយកា-KOICA» តែងផ្តល់ការអប់រំជូនដល់មន្ត្រីកម្ពុជាជារៀងរាល់ឆ្នាំ។ ក្នុងនោះមន្ត្រីកម្ពុជា តែងទៅទទួលការបណ្តុះបណ្តាលនេះ ដោយផ្ទាល់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ តែក្នុងនៅឆ្នាំ២០២១នេះ ដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ KOICA បានបង្វែការបណ្តុះបណ្តាលតាមអនឡាញជំនួសវិញ។
គោលបំណងនៃការបណ្តុះបណ្តាលស្តីពី «ការពង្រឹងគោលនយោបាយ សុខុមាលភាពសង្គម» ដើម្បីពង្រឹងសមត្ថភាពគោលនយោបាយសុខុមាលភាពសង្គមរបស់មន្រ្តីកម្ពុជា ក្នុងការគាំទ្រដល់ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ជនពិការ ស្ត្រី និងកុមារ។
ឆ្នាំនេះ កយកា-KOICA សហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្សដើម្បីសុខភាព និងសុខមាលភាពនៃសាធារណរដ្ឋកូរ៉េ បានបើកវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញស្តីពី «ការពង្រឹងគោលនយោបាយសុខុមាលភាពសង្គម» ចាប់ពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី៧ ខែកញ្ញា ២០២១។
វគ្គបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញ មានរយៈពេល៩ថ្ងៃនេះ គឺសម្រាប់មន្រ្តីជាន់ខ្ពស់ចំនួន ២៨រូប មកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT)។
វគ្គបណ្តុះបណ្តាលដ៏សំខាន់នេះត្រូវបានរៀបចំឡើងដើម្បី ទី១៖ ចែករំលែកបទពិសោធន៍ពីសុខុមាលភាពសង្គមនៅប្រទេសកូរ៉េ តាមរយៈការបង្រៀន និងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ និងទី២៖ ត្រួតពិនិត្យ និងកែសម្រួលផែនការសកម្មភាព ដែលបានបង្កើតឡើងក្នុងវគ្គសិក្សាឆ្នាំទី១ ក្នុងឆ្នាំ២០២០ តាមរយៈការវិភាគទៅលើគោលនយោបាយសុខុមាលភាពសង្គមនៅកម្ពុជា។
សិក្ខាកាមកម្ពុជាទាំងអស់ បានរៀបចំរបាយការណ៍ប្រចាំប្រទេស (Country Report) អំពីស្ថានភាពបច្ចុប្បន្ន នៃប្រព័ន្ធសុខុមាលភាពសង្គមនៅក្នុងប្រទេស ដោយធ្វើការវិភាគលើបញ្ហា និងបញ្ហាប្រឈមដែលពួកគេចង់ដោះស្រាយ។
លើសពីនេះ សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាល នឹងបង្កើតផែនការសកម្មភាព ដែលដឹកនាំដោយសាស្រ្តាចារ្យជនជាតិកូរ៉េ។ ផែនការនេះ នឹងក្លាយជាឯកសារសំខាន់មួយសម្រាប់សិក្ខាកាមក្នុងកម្មវិធីបណ្តុះបណ្តាលនេះ ដើម្បីស្វែងរកវិធី ក៏ដូចជាដំណោះស្រាយចំពោះបញ្ហា ដែលបានលើកឡើងនៅក្នុងរបាយការណ៍ប្រចាំប្រទេស។
នៅប្រទេសកម្ពុជា កយកា-KOICA ធ្វើការលើផ្នែកបច្ចេកទេសជាច្រើនទៅលើកម្មវិធី និងគម្រោងផ្សេងៗ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាការកែលម្អអាហារូបត្ថម្ភ និងសុខុមាលភាពរបស់សិស្ស ការពង្រឹងសមត្ថភាពគ្រូបង្រៀន សុខភាពសាធារណៈ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ និងនាវានុវត្ត។
កយកា-KOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធី នៅកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស។ ចាប់ពីឆ្នាំ១៩៩៤ រហូតដល់ ឆ្នាំ២០២០ កយកា-KOICA បានអញ្ជើញមន្រ្តីរដ្ឋាភិបាលប្រមាណ ៣,២០០នាក់ ឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាល រយៈពេលខ្លី និងកម្មសិក្សាថ្នាក់អនុបណ្ឌិត នៅសាធារណរដ្ឋកូរ៉េ ក្រោមកម្មវិធីពង្រឹងសមត្ថភាពរបស់កយកា-KOICA៕