(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានដាក់ផែនការ និងជំរុញដល់ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ក្រុង ស្រុក ត្រូវអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ពីការបង្កា ទប់ស្កាត់ ការពារជុំវិញជំងឺកូវីដ១៩ និងជំរុញប្រជាពលរដ្ឋគ្រប់ទីកន្លែង ឱ្យមកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំងកន្លែងដំណើរការចាក់វ៉ាក់សាំង ក្នុងទូទាំងក្រុង ស្រុក នៃខេត្តកំពត ឱ្យសម្រេចលទ្ធផលតាមទិន្នន័យផែនការកំណត់។
ការដាក់ផែនការ និងជរុញបែបនេះរបស់លោក ជាវ តាយ បានធ្វើឡើងនៅក្នុងឱកាសលោកដឹកនាំក្នុងកិច្ចប្រជុំ ស្ដីពីការបន្តជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពត នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពត ដោយចូលរួមពីអាជ្ញាធរក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធមួយចំនួនក្នុងខេត្ត។
លោក ជាវ តាយ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំង ទប់ស្កាត់ការពារជំងឺឆ្លងកូវីដ១៩ គឺជាយុទ្ធសាស្ត្រ គន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវ៉ាត់ការពារទី១សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចជាបង្កើតឱ្យបាននូវភាពសាំក្នុងសហគមន៍ ទប់ទល់នឹងមេរោគដ៏កាចសាហាវមួយនេះ សំដៅឈានឆ្ពោះទៅបើកដំណើរការលើគ្រប់ផ្នែក គ្រប់វិស័យពេញលេញឡើងវិញ របស់ប្រទេសជាតិយើង និងការរៀនរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានបន្ថែមថា ការងារចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាការងារសំខាន់ ជាពិសេសថ្មីៗនេះ គឺសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានគិតគូរយ៉ាងច្បាស់លាស់ ដោយសម្តេចបានណែនាំ និងជំរុញដល់រាជធានី-ខេត្ត ឱ្យបន្តយកចិត្តទុកដាក់ អនុវត្តសកម្មភាព ដើម្បីធ្វើយ៉ាងណា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទៅ ឱ្យបានគ្រប់គ្នា ទាំងក្នុងទីក្រុង និងជនបទ រួមនិងជនបរទេសស្នាក់នៅ កម្ពុជាផងដែរ ដោយមិនត្រូវទុកឱ្យវ៉ាក់សាំងដេកនៅក្នុងឃ្លាំងឡើយ។ ដូច្នេះដើម្បីអនុវត្តឱ្យបានសម្រេចលទ្ធផលជោគជ័យលើការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សំដៅឆ្លើយតបបានតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ពិសេសការអនុវត្តន៍ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
យោងតាមរបាយការណ៍ នៃមន្ទីរសុខាភិបាលខេត្ត ក្នុងកិច្ចប្រជុំខាងលើ បានឱ្យដឹងថា ប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ នៅគ្រប់ក្រុង ស្រុកទាំង៩ ក្នុងទូទាំងខេត្តកំពត ទៅលើប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ គិតចាប់ពីថ្ងៃទី២ ខែមិថុនា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ធៀបជាមួយប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងសរុបមានចំនួន ៤៥១,០៧១នាក់ តែលទ្ធផលសម្រេច ទើបតែបានចំនួន ២៣៧,៨៤៥នាក់ប៉ុណ្ណោះ។
ដោយឡែកផែនការ អ្នកនៅសល់មិនទាន់បានចាក់វ៉ាក់សាំង គិតមកដល់ត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្នុងនោះគិតចាប់ពីអាយុពី១៨ឆ្នាំឡើង មានចំនួន ២០២,០៥៣នាក់ ប៉ុន្តែមានវ៉ាក់សាំងនៅក្នុងស្តុក ត្រឹមតែចំនួន៥០,៤៦៧នាក់ នៅខ្វះវ៉ាក់សាំង ចំនួន ១៥១,៥៨៧នាក់ បន្ថែមទៀត។ ចំណែកកុមារចាប់ពីអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ ដែលត្រូវចាក់ មានចំនួន ៨៦,៨២៥នាក់ហើយក៏កំពុងដំណើរការចាក់ផងដែរ ប៉ុន្តែវ៉ាក់សាំងមាននៅក្នុងស្តុក ត្រឹមតែចំនួន ៧៤,៣១៧នាក់ នៅខ្វះវ៉ាក់សាំងចំនួន ១២,៥០៧នាក់បន្ថែមទៀត។
ចំពោះទីតាំងដែលកំពុងដំណើរការចាក់បច្ចុប្បន្ននេះ សម្រាប់មនុស្សចាស់ មានចំនួន ១៨ទីតាំង និងសម្រាប់ក្មេងមានចំនួន ៥៦ទីតាំង មានក្រុមចាក់ចំនួន ៧៧ក្រុម៕