(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីណែនាំចំនួន០៦ចំណុច ដើម្បីពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta នៅក្នុងភូមិសាស្ត្រខេត្ត។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងសំដៅការពារសុខភាពសាធារណៈ អាយុជីវិតរបស់ប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងអនុលោមទៅតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តជាធរមាន រដ្ឋបាលខេត្តសៀមរាប សូមណែនាំដូចខាងក្រោម៖
ទី១៖ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាព ត្រូវបន្តរឹតបន្តឹងការអនុវត្តវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ និងតឹងរឹង និងត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការចាត់វិធានការចាំបាច់នានាក្នុងភូមិសាស្ត្រដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីជានាឱ្យបាននូវការគោរព និងអនុវត្តនូវវិធានការសុខាភិបាលនានា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» នៅតាមទីតាំងសាធារណៈនានា ជាពិសេសនៅតាមផ្សារ ទីកន្លែងលក់ទំនិញដែលមិនរៀបរយ វត្តអារាម វិហារសាសនា និងទីតាំងផ្សេងទៀតដែលមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគ្នាក្នុងចំនួនច្រើន
ទី២៖ ត្រូវបន្តផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាព មុខរបរ និងអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដូចខាងក្រោម៖
* អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍៖ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន អាជីវកម្មម៉ាស្សា សូណា និងធ្នឹមគ្រប់ប្រភេទ
* សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀនដែលធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ
* សារមន្ទីរ និងសួនកម្សាន្តនានា
* ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ
* រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។
ទី៣៖ ត្រូវបន្តផ្អាកជាបណ្តោះអាសន្នរាល់ការជួបជុំ និងការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ១០នាក់ និងរាល់ការជួបជុំ ការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ និងការចាក់ឧបករណ៍បំពងសម្លេង ការច្រៀង ឬរាំកម្សាន្ត។
ទី៤៖ រាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្ស សកម្មភាពការងារ មុខរបរ អាជីវកម្មដែលត្រូវបានអនុញ្ញាត ត្រូវអនុវត្តវិធានសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ភ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code ទប់ស្កាត់កូវីដ (Stop Covid) និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ទី៥៖ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលឃុំ-សង្កាត់ ត្រូវពង្រឹងការអនុវត្តសេចក្តីសម្រេចលេខ ០៨១/២១ ស.ស.រ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ស្តីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំប្រមូលផ្តុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តសៀមរាប
និងទី៦៖ ក្នុងករណីបុគ្គលណា ឬម្ចាស់ ឬអ្នកគ្រប់គ្រងក្រុមហ៊ុន សហគ្រាស ដេប៉ូចែកចាយ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សាររដ្ឋ-ឯកជន ផ្សារទំនើប ផ្សារម៉ាត ហាងលក់ភេសជ្ជៈ តូបអាហារ ហាងកាហ្វេ អាជីវកម្មដ្ឋាន សេវាកម្មដ្ឋាន និងកន្លែងលក់ទំនិញគ្រប់ប្រភេទ បងប្អូនអាជីវករ ប្រជាពលរដ្ឋ និងសាធារណជន មិនអនុវត្តតាមការណែនាំខាងលើ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការស្របតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕