(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញជូនដំណឹងដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្ម ទេសចរណ៍យុវជន សិស្ស និស្សិត និងសាធារណជនទាំងអស់ថា ក្រសួងនឹងវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃតាមប្រព័ន្ធរអនឡាញ លើជំនាញប្រើប្រាស់ពាក្យជាភាសាអង់គ្លេសឱ្យបានត្រឹមត្រូវ សម្រាប់ទំនាក់ទំនងក្នុងវិស័យទេសចរណ៍។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលលើជំនាញខាងលើ នឹងចាប់ផ្តើមសិក្សាចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ តទៅ។
ក្រសួងទេសចរណ៍បានបន្តថា ការរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលខាងលើនេះ គឺធ្វើឡើងដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសដើម្បីពង្រឹងសមត្ថភាពភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង ដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងអភិវឌ្ឍសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងក្នុងវិស័យទេសចរណ៍។
បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍យុវជន សិស្ស និស្សិត និងសាធារណជន អាចធ្វើការចុះឈ្មោះសិក្សា និងវាយតម្លៃសមត្ថភាពដែលពាក់ព័ន្ធជំនាញខាងលើ តាមរយៈអាសយដ្ឋានគេហទំព័រ https://www.ptd.org ឬតាមរយៈស្តេន QR Code ខាងក្រោម៖