(កំពង់ឆ្នាំង)៖ លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត អនុប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមគ្រូពេទ្យជំនាញ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ចំនួន៣ករណីបន្ថែមទៀត នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជាគ្រួសារតែមួយ និងជាអាជីវករលក់ដូរនៅផ្ទះ។
លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា បច្ចុប្បន្នបានឆ្លងចូលក្នុងសហគមន៍ចំនួន៣ករណីហើយ ក្នុងខេត្តកំពង់ឆ្នាំង ដែលលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រ បានបញ្ជាក់កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ម្សិលមិញនេះ»។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា អ្នកដែលផ្ទុកជំងឺកូវីដ១៩ បំប្លែងថ្មី Delta ខាងលើនេះ មានទីលំនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ពួកគាត់ទាំង៣នាក់ គឺជាគ្រួសារតែមួយ និងជាអាជីវករលក់ដូរនៅផ្ទះ។ បានចូលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង តាំងពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ និងបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ដោយទើបទទួលលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី២៦ ខែសីហា ដែលបានបញ្ជាក់ថា ពួកគាត់ទាំង៣នាក់ មានវិជ្ជមានកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta។
លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងចំណោមអ្នកជំងឺទាំង៣នាក់ខាងលើនេះ មានម្នាក់បានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យផងដែរ ចំណែកអ្នកជំងឺ២នាក់ទៀត កំពុងសម្រាកនៅក្នុងមន្ទីពេទ្យនៅឡើយ តែសុខភាពពួកគាត់មានអាការៈល្អប្រសើរ។ ក្នុងនោះក៏មានលោកយាយម្នាក់ មានអាយុជាង៨០ឆ្នាំ ដែលបានផ្ទុកជំងឺកូវីដប្រភេទ Delta ថ្មីនេះផងដែរ។
ដោយឡែកកាលពីរសៀលថ្ងៃទី២៦ ខែសីហា ក្រុមគ្រូពេទ្យក៏បានទៅយកសំណាកពលរដ្ឋដែលរស់នៅក្បែរៗផ្ទះអ្នកជំងឺទាំង៣នាក់ខាងលើនេះជាច្រើននាក់ផងដែរ តែលទ្ធផលទទួលបានអវិជ្ជមានទាំងអស់។ តែទោះជាយ៉ាង នេះក៏ដោយ ក៏ក្រុមគ្រូពេទ្យនៅតែបន្តតាមដានសុខភាពប្រជាពលរដ្ឋខាងលើនេះ យ៉ាងយកចិត្តទុកដាក់ជាបន្តទៀត។
ឆ្លៀតឱកាសនេះលោកវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សុំកុំមើលស្រាលជំងឺកូវីដ១៩ ឱ្យសោះពិសេសកូវីដ១៩ បំប្លែងថ្មីប្រភេទ Delta ដែលបច្ចុប្បន្នកំពុងតែរីករាលដាលចូលក្នុងសហគមន៍។ ជាក់ស្តែងក្នុងខេត្តកំពង់ឆ្នាំង កន្លងមកក៏បានរកឃើញជំងឺកូវីដបំប្លែងថ្មីប្រភេទ Delta នេះ ២ករណីរួចមកហើយ រួមមាន៖
*ទី១៖ កើតទៅលើពលករមកពីប្រទេសថៃ
*ទី២៖ កើតទៅលើពលរដ្ឋក្នុងសហគមន៍ នៅស្រុកកំពង់ត្រឡាច។
ដោយឡែកថ្មីៗនេះ ក្រុមគ្រូពេទ្យ ក៏បានរកឃើញ៣នាក់ទៀត ក្នុងក្រុងកំពង់ឆ្នាំង ហេតុនេះប្រជាពលរដ្ឋត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយអនុវត្តតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល ជាពិសេសមិនត្រូវភ្លេច «៣កុំ និង៣ការពារ»៕