(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីសម្រេចមួយ កែសម្រួលអគ្គ សមាសភាពក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេតករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់-បង្ក្រាបការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់។
តាមសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា សមាសភាពក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេតករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់-បង្ក្រាបការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ មានចំនួនសរុប ២១រូប ដោយមាន លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន និងមានអនុប្រធាន៤រូប រួមមាន ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក ឧត្តមសេនីយ៍ទោ ឡាយ សមត្ថា អនុប្រធានសេនាធិការ និងឧត្តមសេនីយ៍ទោ សុខ នីសត្យា អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខផងដែរ។
ក្រុមការងារនេះ មានភារកិច្ចដូចជា៖
- ប្រមូលព័ត៌មានអំពីសកម្មភាពញុះញង់ ឧបត្ថម្ភ គាំទ្រដល់ការបង្កើតឱ្យមានការតវ៉ា ទាមទារ ឬ ប្រើប្រាស់ល្បិចកលអុជអាលឱ្យមានជម្លោះដីធ្លី ឬក៏ធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីរបស់រដ្ឋ ដោយខុសច្បាប់ ដែលបង្កចលាចលនៅតាមបណ្តាភូមិសាស្ត្ររាជធានី-ខេត្ត
- កំណត់មុខសញ្ញាសកម្មជនដីធ្លីពាក់ព័ន្ធនឹងសកម្មភាពបទល្មើស ដើម្បីបង្ការទប់ស្កាត់ និង បង្ក្រាបកុំឱ្យបទល្មើសដដែលកើតឡើងសាជាថ្មី ដំឡើងបញ្ជីករណីរឿងដើម្បីកំណត់វិធានការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា
- វាយតម្លៃករណីរឿង និងស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកការ ស៊ើបអង្កេត ស្រាវជ្រាវប្រមូលភស្តុតាង ដំឡើងបញ្ជីមុខសញ្ញា និងកសាងសំណុំរឿងបញ្ជូនទៅ តុលាការតាមនីតិវិធី
- បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ រាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ
- អនុវត្តភារកិច្ចផ្សេងៗតាមគោលការណ៍ និងបទបញ្ជារបស់ថ្នាក់ដឹកនាំ៕