(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ បានឡើងធ្វើបទ បង្ហាញពីកាលានុវត្តភាពវិនិយោគនៅកម្ពុជារយៈពេលជិត ១ម៉ោង ទៅកាន់អ្នកវិនិយោគ និងធុរកិច្ចថៃ ដើម្បីទាក់ទាញពួកគេឲ្យចាប់យកការវិនិ យោគនៅកម្ពុជា។
ការលើកបង្ហាញពីកាលានុវត្តភាពវិនិយោគនៅកម្ពុជានេះ បានធ្វើឡើងក្នុង «សិក្ខាសាលាពិគ្រោះយោបល់អំពីផ្សារមូលប័ត្រថៃទាក់ ទងនឹងកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា» ដែលបានប្រព្រឹត្តទៅទីក្រុងបាងកក ប្រទេសថៃ រៀបចំឡើងដោយផ្សារ មូលប័ត្រថៃ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា បានរីកចម្រើនក្នុងអត្រាគិតជាមធ្យម ៧.៧%ក្នុងមួយឆ្នាំ។ ក្នុង រយៈកាលជាច្រើនទសវត្សរ៍កន្លងទៅស្ថិតក្នុងចំណាត់ថ្នាក់ទី៦ ជាសេដ្ឋកិច្ចមានការរីកចម្រើនបំផុតនៅក្នុងពិភពលោក បើយោងតាម របាយការណ៍របស់ធនាគារពិភពលោក។
លោកទេសរដ្ឋមន្រ្តីបានបន្តថា ច្បាប់វិនិយោគកម្ពុជាផ្តល់ការលើកទឹកចិត្តដោយមានភាពអនុគ្រោះដល់ការវិនិយោគដូចជា៖ អត្រាពន្ធ លើប្រាក់ចំណូលក្រុមហ៊ុនចំនួន២០% ការផ្តល់ការអនុគ្រោះលើការរួចពន្ធរយៈពេលដល់ ៩ឆ្នាំ គ្មានការដាក់កម្រិតលើម្ចាស់កម្មសិទ្ធិ ក្រុមហ៊ុនលើគ្រប់វិស័យសេដ្ឋកិច្ចទាំងអស់ គ្មានការគ្រប់គ្រងលើរូបិយបណ្ណ និងគ្មានការធ្វើជាតិតូបនីយកម្មនិងគ្រប់គ្រងថ្លៃ។ លើសពី នេះទៀត កម្ពុជាទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះទូទៅផ្នែកពាណិជ្ជកម្ម (GSP) ពីបណ្តាប្រទេសនានា និងគម្រោងស្តីពីអ្វីៗ គ្រប់យ៉ាងលើកលែងអាវុធ (EBA) ពីសហភាពអឺរ៉ុប ដែលអនុញ្ញាតឲ្យមានការនាំចេញទៅសហភាពអឺរ៉ុប ដោយគ្មានកម្រិតកូតា និង រួចពន្ធលើផលិតផលភាគច្រើនដែលផលិតនៅកម្ពុជា។
លោក ស៊ុន ចាន់ថុល ក៏បានប្រាប់អ្នកចូលរួមវេទិកាពិគ្រោះយោបល់ក្នុងសិក្ខាសាលានោះ អំពីកំណែទម្រង់សំខាន់ៗ ដែលក្រសួងពា ណិជ្ជកម្មសម្រេចបាន និង កំពុងអនុវត្តបន្ត។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់ នៃប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ចេញវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ និង ការចុះបញ្ជីពាណិជ្ជកម្ម ដែលបានដាក់ឲ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ និង សារសំខាន់ នៃយុទ្ធសាស្ត្រ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលត្រូវបានអនុម័តនាពេលថ្មីៗនេះ ដើម្បីអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនឈាន ឡើងមួយកម្រិតទៀត។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញមេដឹកនាំធុរកិច្ចថៃមកទស្សនកិច្ច និងស្វែងយល់អំពីកម្ពុជា ដែលជាព្រះរាជា ណាចក្រអច្ឆរិយៈ និង ដើម្បីវាយតម្លៃអំពីកាលានុវត្តភាពពាណិជ្ជកម្មនិងការវិនិយោគដ៏ធំធេងសម្រាប់ពួកគេ៕