(ភ្នំពេញ)៖ លទ្ធផលយកសំណាកពីអាជីវករ ក្នុងផ្សារធំថ្មី និងប្រជាពលរដ្ឋនៅក្បែរផ្សារជិត៤០០នាក់ លទ្ធផលរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣នាក់។ នេះបើតាមលោក ចាប ឌីណា នាយករដ្ឋបាលសាលាខណ្ឌដូនពេញ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ។
លោក ចាប ឌីណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លទ្ធផលពេញតាំងពីរសៀល រហូតដល់យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ មន្ត្រីជំនាញបានយកសំណាកពីអាជីវករលក់បន្លែ លក់គ្រឿងសមុទ្រ រួមជាមួយប្រជាពលរដ្ឋដែលរស់នៅក្បែរផ្សារចំនួន៣៨៤នាក់ លទ្ធផលរកឃើញ៣នាក់ វិជ្ជមានជំងកូវីដ១៩ ក្នុងនោះអាជីវករលក់គ្រឿងសមុទ្រម្នាក់ និងប្រជាពលរដ្ឋរស់នៅក្បែរផ្សារចំនួន២នាក់»។
លោក ចាប ឌីណា បានឱ្យដឹងថា ស្ត្រីជាអាជីវករលក់គ្រឿងសមុទ្រ នៅក្នុងផ្សារធំថ្មី ដែលវិជ្ជមានជំងឺកូវីដ១៩នេះ មានឈ្មោះ យ៉ាន់ សុជា ខណៈអ្នកជំងឺចំនួន ២នាក់ទៀត ជាបុរសជាអ្នករស់នៅក្បែរផ្សារ ដែលស្ម័គ្រចិត្តទៅយកសំណាក។
សូមជម្រាបថា អាជ្ញាធរខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានបិទផ្សារធំថ្មីមួយផ្នែក ដើម្បីប្រមូលអ្នកលក់បន្លែ និងគ្រឿងសមុទ្រ យក សំណាកស្វែងរកជំងឺកូវីដ១៩ ក្រោយរកឃើញថាមានអ្នកឆ្លងជាបន្តបន្ទាប់។
លោក ចាប ឌីណា បានប្រាប់ថា ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដជាបន្តបន្ទាប់ និងដើម្បីទប់ស្កាត់កុំឱ្យជំងឺមួយនេះ ជាពិសេសប្រភេទមេរោគ បំប្លែងថ្មី Delta នោះអាជ្ញាធរខណ្ឌដូនពេញ បានសហការជាមួយមន្រ្តីសុខាភិបាល ចុះមកយកសំណាកបងប្អូនអាជីវករលក់បន្លែ និងគ្រឿងសមុទ្រនៅមួយផ្នែកនៃផ្សារធំថ្មី៕