(ភ្នំពេញ)៖ ក្រោយព្រឹត្តការណ៍ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ ថ្វីត្បិតតែបេសកកម្មរបស់ក្រុមការងារចម្រុះ ដឹកនាំដោយមន្ត្រីអាជ្ញាធរថ្នាក់ជាតិក្នុងការចុះវាស់វែងពិនិត្យដីធ្លីរបស់ប្រជាជន ៤៧គ្រួសារ នៅភូមិព្រែកថ្មី ដែលត្រូវបានក្រុមហ៊ុនវាយកូនហ្គោលរំលោភយក បានទទួលការបរាជ័យក៏ពិតមែន តែប្រជាជនភូមិព្រែកថ្មីមានការរំភើបក្នុងចិត្តយ៉ាងខ្លាំង ចំពោះភាពក្លាហានរបស់ក្រុមចំរុះថ្នាក់ជាតិទាំងអស់ ដែលបានខិតខំទៅចូលរួមនៅថ្ងៃនោះ បើទោះជាភាគីធ្វើការគំរាមកំហែងយ៉ាងណាក៏ដោយ។
ខាងលើនេះគឺជាការថ្លែងរបស់ប្រជាពលរដ្ឋនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវបានក្រុមហ៊ុនវាយកូនហ្គោលរំលោភបំពានយកដីធ្លីរបស់ពួកគាត់អស់ជាង ១៦ហិកតា ហើយពួកគាត់បានដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ ដើម្បីស្វែងរកយុត្តិធម៌រហូតមក។ ប៉ុន្តែតាំងពីក្រុមការងារថ្នាក់ជាតិចុះទៅត្រួតពិនិត្យ ហើយភាគីក្រុមហ៊ុនមិនសហការ រហូតមកដល់ពេលនេះមានរយៈពេលជាង៤ខែមកហើយ ប្រជាពលរដ្ឋនៅមិនទាន់ឃើញមានដំណោះស្រាយអ្វីថ្មីជាបន្តទៀត ពីក្រុមការងារថ្នាក់ជាតិនោះឡើយ។
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីខាងលើនេះចំនួន ៤៧គ្រួសារ សរុបសមាជិកចំនួន ២៨៥នាក់ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានឮពាក្យចចាមអារាមបន្ថែមទៀតថា ប្រជាពលរដ្ឋដែលកំពុងតវ៉ានេះគ្មានដីពិតប្រាកដនោះទេមានតែដីខ្យល់រួចមក ដោយនេះគឺជាព័ត៌មានអយុត្តិធម៌ជាទីបំផុត តែបើទេវតានៅមានភ្នែកគង់តែថ្ងៃណាមួយជនពាល នឹងត្រូវទទួលកម្មពៀរវិនាសចៀសមិនរួចឡើយ។ ប្រជាពលរដ្ឋរងគ្រោះនៅភូមិព្រែកថ្មី សូមធ្វើការអង្វរករដោយទទូចទៅលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សូមឲ្យលោកជួយជំរុញនិងពន្លឿនការដោះស្រាយទំនាស់ដីធ្លីខាងលើឲ្យបានឆាប់ ដើម្បីប្រជាពលរដ្ឋមានលទ្ធភាពយកដីទៅប្រើប្រាស់បង្កបង្កើនផល និងធ្វើអាជីវកម្មរកចំណូលចិញ្ចឹមគ្រួសារឲ្យមានជីវភាពធូរធារនឹងគេផង ព្រោះប្រជាពលរដ្ឋរងគ្រោះមិនសង្ឃឹមលើអ្នកណាក្រៅតែពីសង្ឃឹមលើអាជ្ញាធរជាតិ និងរាជរដ្ឋាភិបាលនោះឡើយ។
សូមបញ្ជាក់ថា អ្នកភូមិដែលមានទំនាស់ដីធ្លីដោយសារក្រុមហ៊ុនវាយកូនហ្គោល ធ្វើការឈូសឆាយ និងសាងសង់សំណង់នានា បំពានមកលើដីពួកគាត់ដែលមានទំហំជាង ១៦ហិកតានោះ បានរៀបរាប់ថា ដីទំនាស់ខាងលើដើមឡើយមានទំហំជាង ៣០ហិកតា ជាប្រភេទដីធ្វើស្រែប្រាំងទំនាបបឹង ដែលគ្រប់គ្រងដោយប្រជាពលរដ្ឋចំនួន ៣២គ្រួសារ នៅអំឡុងឆ្នាំ១៩៩១ ។
លុះក្រោយមកដោយសារពិបាកធ្វើដំណើរទៅធ្វើស្រែ និងដេកចាំ ណាមួយការប្រែប្រួលរបស់ធម្មជាតិធ្វើមិនសូវបានផល ម្ចាស់ស្រែក៏បានផ្អាកធ្វើមួយរយៈនៅអំឡុងឆ្នាំ២០០៥ ។ ពេលឃើញអ្នកភូមិព្រែកថ្មីផ្អាកធ្វើ អ្នកភូមិព្រែកធំ ឃុំក្បាលកោះ ដែលមានព្រំប្រទល់ជាប់គ្នាក៏ចូលមកធ្វើបន្ត ហើយអ្នកភូមិព្រែកថ្មី ដោយខ្លាចបាត់បង់ដីរបស់ខ្លួនទៅថ្ងៃក្រោយ ក៏បានឲ្យអាជ្ញាធរភូមិដែលជាអ្នកបែងចែកដីកន្លងមក ធ្វើលិខិតបញ្ជាក់ទុកជាភស្តុតាង ។
នៅឆ្នាំ២០០៧ នៅពេលមានឈ្មួញចុះប្រមូលទិញដីនៅតំបន់នោះម្ចាស់ដី ៣២គ្រួសារ ក៏បានស្នើទៅចៅសង្កាត់ព្រែកថ្មី ចេញលិខិតបញ្ជាក់កម្មសិទ្ធិដីឲ្យពួកគាត់ និងបន្ទាប់ពីអាជ្ញាធរចុះស្រាវជ្រាវរួចមក ក៏បានចេញលិខិតបញ្ជាក់ឲ្យពួកគាត់ តែខណៈនោះមានអ្នកភូមិព្រែកថ្មីចំនួន ១០៣គ្រួសារទៀត ដែលមានដីស្រែប្រាំង នៅពីលើដីរបស់ប្រជាពលរដ្ឋ ៣២គ្រួសារ ក៏ចេញមុខប្ដឹងទាមទារយកចំណែកដីជាង ៣០ហិកតានេះដែរ។ ក្រោយមានការប្ដឹងផ្ដល់ អាជ្ញាធរក៏ចេញមុខធ្វើការសម្របសម្រួលដោះស្រាយ ដោយចុងក្រោយភាគីទាំងពីរក៏ឯកភាពគ្នា ដោយភាគី ១០៣គ្រួសារទទួលបានចំណែកដី ៦០% ស្មើ ១៨ហិកតា ភាគី ៣២គ្រួសារទទួលបាន ៤០% ស្មើនឹងចំនួនផ្ទៃដី ១២ហិកតា មានអាជ្ញាធរដឹងឮត្រឹមត្រូវ៕