(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥៦នាក់បន្ថែមទៀត ក្នុងនោះចំនួន ៣៩នាក់ ជាពលករទើបមកពីប្រទេសថៃ, ៦នាក់ ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ និង ១១នាក់ទៀត ជាពលករកំពុងធ្វើចត្តាឡីស័ក ខណៈមានអ្នកស្លាប់បាត់បង់ជីវិតដោយជំងឺកូវីដ១៩ ចំនួន២នាក់ផងដែរ។
រដ្ឋបាលខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ទើបរកឃើញនេះ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។
ក្នុងករណីមានរោគសញ្ញាក្អក ផ្តាសាយ ហៀសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្ដៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត ត្រូវទាក់ទងក្រុមការងារប្រចាំការ និងយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកអន្លង់វែង ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ៖ ០១២ ៤៩៩ ១៩២។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន ៦,៤១៥នាក់ ក្នុងនោះករណីនាំចូលពីបរទេស ៥,២៧៣នាក់ និងករណីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ១,១៤២នាក់។ ជាមួយគ្នានេះ មានអ្នកព្យាបាលជាសះស្បើយក្នុងខេត្តចំនួន ២,៨០១នាក់ និងកំពុងសម្រាកព្យាបាលក្នុងខេត្តចំនួន ១,៤៧៩នាក់ ស្លាប់ចំនួន ១២នាក់៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖