(បាត់ដំបង)៖ ពេញមួយថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានយកទៅប្រគេនព្រះចៅអធិការវត្តព្រះនរាយ៍ ហៅវត្តខ្វែង ខេត្តបាត់ដំបង ដែលមានព្រះជន្ម១០១វស្សា និងលោកយាយ២នាក់ នៅខេត្តពោធិ៍សាត់ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើង ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នាំយកទៅក្នុងឱកាសនោះរួមមាន ថវិកាចំនួន៣លានរៀល និងគ្រឿងឧបភោគបរិភោគជាច្រើនទៀតផងដែរ។

លោកស្រី ឱ វណ្ណឌីន បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រគេន និងប្រគល់ជូន រួមមាន៖

* ទី១៖ លោកយាយ រ៉ុប អ៉ឹន អាយុ១០១ឆ្នាំ រស់នៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់
* ទី២៖ លោកយាយ ច ធឿន អាយុ១០៣ឆ្នាំ រស់នៅភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់
* ទី៣៖ ព្រះតេជគុណ បញ្ញាវុឌ្ឍី គ្រួច ភាជ ព្រះជន្ម១០១វស្សា ព្រះចៅអធិការវត្តព្រះនរាយ៍ ហៅវត្តខ្វែង ស្ថិតក្នុងភូមិកំពង់អំពិល ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រគេនជូនព្រះតេជគុណ គ្រូច ភាជ និងប្រគល់ជូនលោកយាយទាំងពីររូប ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់គាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

លោកយាយ ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។ ជាការកត់សម្គាល់ចំពោះស្ថានភាពសុខភាពរបស់ពួកគាត់ បន្ទាប់ពីទទួលបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសភាពល្អប្រសើរ មិនមានអ្វីប្រែប្រួលនោះទេ។

ទាំងព្រះតេជគុណ គ្រួច ភាជ និងលោកយាយទាំងពីររូប នៅខេត្តពោធិ៍សាត់ បានអះអាងទៀតថា មូលហេតុដែលនាំឲ្យពួកគាត់ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំង ដោយសារតែភ័យខ្លាចការឆ្លងជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាល៕