(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានផ្ញើសាររំលែកទុក្ខជូនលោក ចាន់ សុខុម និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់មហាឧបាសិកា សុ គម។

មហាឧបាសិកា សុ គម បានទទួលមរណភាព នៅថ្ងៃពុធ ២រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤៖២១នាទី ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ។

ក្នុងសាររំលែកទុក្ខសម្តេចពញាចក្រី បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា មានសេចក្តីសោកស្តាយជាទីបំផុតដោយទទួលដំណឹងអំពីមរណភាពមហាឧបាសិកា សុ គម ដែលបានទទួលមរណភាពនៅថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។

ខ្ញុំ និងភរិយា សូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារ នៃសពទាំងអស់ ដែលបានបាត់បង់ មាតា ជីដូន ជាទីគោរពស្រឡាញ់ ដែលប្រកបដោយព្រហ្មវិហារធម៌។ សូមបួងសួងឱ្យវិញ្ញាណក្ខន្ធមហាឧបាសិកា សុ គម បានទៅសោយសុខក្នុងឋានសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ»