(មណ្ឌលគិរី)៖ កូនឈើប្រណិតចំនួន៤៥០ដើម ត្រូវបានមន្រ្តីរាជការទូទាំងខេត្តមណ្ឌលគិរី រៀបចំដាំនៅទីតាំងសួនឧទ្យានសែនមនោរម្យ អតីតព្រលានយន្តហោះចាស់ ដើម្បីអបអរសាទរទិវារុក្ខទិវា ៩ កក្កដា ២០២១ ដើម្បីកែលម្អសោភ័ណភាព នៅបរិវេណវិមានឯករាជ្យ ឱ្យកាន់តែមានភាពស្រស់បំព្រង និងអាចទាក់ទាញភ្ញៀវដល់វិស័យទេសចរណ៍។
ពិធីនេះធ្វើឡើងក្រោមអធិបតីពីសំណាក់ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោក ស្វាយ សំអ៊ាង អភិបាលខេត្ត ដែលប្រព្រឹត្តទៅបរិវេណសួនឧទ្យានសែនមនោរម្យ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ។
លោក ស្វាយ សំអ៊ាង បានថ្លែងថា ការប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីឱ្យស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស សំដៅធានានូវការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្សជីវៈចម្រុះ និងមរតកវប្បធម៌។
លោកបានបញ្ជាក់ថា ការដាំកូនឈើប្រណិតនៅបរិវេណសួនឧទ្យានសែនមនោរម្យ គឺដោយសារទីតាំងសួននេះ មានផ្ទៃដីធំទូលាយ បានសាងសង់វិមានឯករាជ្យរួចរាល់ នឹងមានរៀបចំធ្វើរូបសេះ រូបផ្លែឃ្លោក រូបនាគ។ល។ និងរៀបចំលំអរសួនឧទ្យាននេះ ដោយដាំស្មៅ ដាំដើមឈើចម្រុះ និងរុក្ខជាតិសំខាន់ៗ ដែលបង្ហាញពីអត្តសញ្ញាណធនធានធម្មជាតិរបស់ខេត្ត ឱ្យសមស្របនឹងអាកាសធាតុ លើសពីនេះទៀត ក៏បង្ហាញពីវប្បធម៌ជនជាតិដើមភាគតិច និងអត្តសញ្ញាណជាតិផងដែរ។
នាឱកាសនេះដែរ លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរអង្គភាព និងសប្បុរសជនទាំងអស់ ត្រូវចូលរួមគាំទ្រក្នុងការចូលរួមចំណែកកសាងសមិទ្ធផលនានា ដើម្បីកែប្រែមុខមាត់ថ្មីរបស់ខេត្ត ឱ្យកាន់តែមានភាពអភិវឌ្ឍន៍រីកចម្រើន។ ម្យ៉ាងទៀត ក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ និងសមិទ្ធផលនានា កុំឱ្យបាត់បង់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។
បន្ថែមលើសនេះ លោក ស្វាយ សំអ៊ាង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបានពីការចម្លងនៃជំងឺកូវីដ១៩។
បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានឱ្យដឹងថា ពិធីបុណ្យរុក្ខទិវានេះ ត្រូវបានប្រារព្ធធ្វើឡើងនាពេលនេះ មន្ទីរកសិកម្ម បានជ្រើសរើសយកកូនឈើចំនួន ០២ប្រភេទ សរុបចំនួន ៤៥០ដើម ក្នុងនោះមានកូនឈើធ្នង់ចំនួន ២២០ដើម និងកូនឈើនាងនួនចំនួន ២៣០ដើម។
លោកបានបញ្ជាក់ថា ដើម្បីថែរក្សា ការពារ និងអភិវឌ្ឍន៍ព្រៃឈើ ដែលជាសម្បត្តិធម្មជាតិ ដ៏មានតម្លៃរបស់ជាតិ ជាពិសេស ប្រែក្លាយតំបន់នេះ ឱ្យមានគម្របបៃតងស្រស់បំព្រង មានសោភ័ណភាពបរិស្ថានតំបន់នៅបរិវេណសួនឧទ្យានសែនមនោរម្យ ជាម្លប់បៃតងផ្តល់នូវខ្យល់អាកាសបរិសុទ្ធ សម្រាប់ប្រជាពលរដ្ឋ និងអ្នកទេសចរភ្ញៀវទេសចរ៕