(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា និងនាំកូនចៅ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ មកចាក់វ៉ាក់សាំងនៅតាមទីតាំង តាមបណ្ដាក្រុងស្រុកទាំងអស់ នៃខេត្តកំពង់ធំ។
ការអំពាវនាវបែបនេះ របស់លោក សុខ លូ បានធ្វើឡើងក្នុងពិធីចុះពិនិត្យមើលការចាក់វ៉ាក់សាំង តាមបណ្ដា ក្រុង ស្រុក មួយចំនួន ជាពិសេសការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុ ១៧ឆ្នាំ ដែលកំពុងមានការចូលរួមយ៉ាងផលផុសពីក្មួយ (កុមារ និងយុវវ័យ) មាតាបិតា និងអាណាព្យាបាល នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។
លោក សុខ លូ បានលើកឡើងថា «យើងទាំងអស់គ្នាពិតជាមានភ័ព្វសំណាងណាស់ ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគូរច្បាស់លាស់ មានការសម្រេចចិត្តត្រឹមត្រូវ ឆាប់រហ័ស និងទាន់ពេលវេលា ក្នុងការស្វែងរកវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានជាង ៩០ភាគរយ នៃប្រជាជនជាង ១០លាននាក់ ដែលអាចធ្វើឱ្យយើងចៀសផុតនៃការឆ្លងជំងឺកូវីដ១៩ ហើយបើឆ្លងក៏វាអត់ឈឺធ្ងន់ និងមិនបណ្ដាលឱ្យស្លាប់ទេ ប្រសិនបើយើងមិនបានចាក់វ៉ាក់សាំងទេ មិនដឹងជាមានការឆ្លងប៉ុន្មាននាក់ ហើយស្លាប់ប៉ុន្មាននាក់នោះទេ»។
លោកបន្ថែមទៀតថា ទោះបីជាយើងបានចាក់វ៉ាក់សាំងហើយក្តី ប៉ុន្តែយើងមិនត្រូវភ្លេចនូវវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ឧស្សាហ៍លាងដៃនឹងសាប៊ូទឹកអាកល់ ឬជែល មិនត្រូវមានការជួបជុំ ការប្រមូលផ្ដុំ រក្សាគម្លាតសុវត្ថិភាព និងត្រូវមានការពាក់ម៉ាសនៅពេលចេញក្រៅផ្ទះឱ្យបានជាប់ជានិច្ច ហើយយើងរៀនរស់តាមរបៀបកន្លងថ្មី ក្នុងសម័យកូវីដ១៩នេះ។
ទន្ទឹមនឹងនោះលោក សុខ លូ សូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ដែលបានពុះពាររកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋយើងគ្រប់ៗគ្នាដោយឥតគិតថ្លៃ៕