Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តរតនគិរី នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ជូនកុមារ និងយុវវ័យអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅស្រុកបរកែវ, ស្រុកអូរយ៉ាដាវ នាថ្ងៃទី២៧ ខែសីហាស្អែក

26-08-2021 18:05

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅស្រុកបរកែវ, ស្រុកអូរយ៉ាដាវ នាថ្ងៃទី២៧ខែ សីហា ឆ្នាំ២០២១ ស្អែកនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែសីហាឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង៧៖៣០ ដល់ម៉ោង១១៖៣០ និងរសៀលចាប់ពីម៉ោ១៣៖៣០ ដល់ម៉ោង១៧៖០០នាទី នៅទីតាំងដូចខាងក្រោម៖

ទី១៖ សម្រាប់ស្រុកបរកែវ ៦ទីតាំង៖ គឺនៅមន្ទីរពេទ្យបង្អែកបរកែវ, សាលាបឋមសិក្សាទូយឃុំទីងចាក់, សាលាបឋមសិក្សាគ្លិៈឃុំសើង, វិទ្យាល័យបរកែវឃុំកក់, សាលាបឋមសិក្សាលើឃួនឃុំកិៈចុង និងសាលាបឋមសិក្សាលុងឃុង ឃុំលុងឃុង ស្រុកបរកែវ។

ទី២៖ សម្រាប់ស្រុកអូរយ៉ាដាវ ២ទីតាំង៖ គឺនៅវិទ្យាល័យសោមធំ ស្ថិតនៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ និងនៅសាលាបឋមសិក្សាអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

នៅក្នុងដំណើរការចាក់វ៉ាក់សាំងនេះ សូមប្រជាពលរដ្ឋដែលជាមាតា បិតា ឬអាណាព្យាបាលទាំងអស់ ត្រូវនាំកូនៗរបស់ខ្លួនដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ មកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដោយត្រូវយកមកភ្ជាប់ជាមួយនូវឯកសារ (ថតចម្លង) ពាក់ព័ន្ធរួមមាន៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ប្រសិនបើមាន), សំបុត្រកំណើត, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ពីអាជ្ញាធរ៕