(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានកម្ទេចអាល់កុលក្លែងក្លាយជាង ៧ម៉ឺនលីត្រ ដែលបង្ក្រាបបាន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។ ការកម្ទេចចោលអាល់កុលក្លែងក្លាយទាំងនេះ ធ្វើឡើងតាមដីកាសម្រេចរបស់តំណាងអយ្យការ រាជធានីភ្នំពេញ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
ពិធីបំផ្លាញចោលអាល់កុលក្លែងក្លាយខាងលើនេះដែរ ប្រព្រឹត្តទៅនៅទីលានចាក់សំរាមខណ្ឌដង្កោ ដឹកនាំដោយឧត្តមសេនីយ៍ឯក គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ តំណាងនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ជាក់ថា អាល់កុលក្លែងក្លាយ (ដែលប្រើសារធាតុមេតាណុលលើសកម្រិត តាមលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍ និងក្រសួងសុខាភិបាល) ចំនួន ៧៤,០៦០លីត្រ បានធ្វើការបង្ក្រាបនៅទីតាំងស្ថិតនៅភូមិព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។
គណៈកម្មាធិការ បានបញ្ជាក់ថា អាល់កុលទាំងនេះគឺ៖
* អាល់កុលក្លែងក្លាយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
* គ្មានគុណប្រយោជន៍ខាងផ្លូវវេជ្ជសាស្ត្រ សម្រាប់សម្លាប់មេរោគផ្សេងៗ ជាពិសេស មេរោគកូវីដ-១៩ អ្វីទាំងអស់។
* ពុំមានច្បាប់អនុញ្ញាត ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធអ្វីទាំងអស់៕