(ភ្នំពេញ)៖ ក្រោយពីគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស យុវជន ស្រី ចំរើន ថា បានយកទង់ អាវ និងមួក ដែលមានសញ្ញាសំគាល់របស់គណបក្សសង្រ្គោះជាតិ ទៅធ្វើសកម្មភាពអនាធិបេតយ្យ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែមីនានេះ លោក ស្រី ចំរើន ដែលជាតំណាងឱ្យក្រុមនិស្សិត និងយុវជន ដែលដឹកនាំ ហែញត្តិ នៅរសៀលនេះ បានបញ្ជាក់ប្រាប់ អង្គភាព Fresh News នៅព្រលប់ថ្ងៃទី២៩ ខែមីនានេះថា លោកពិតជាអស់សំណើចយ៉ាងខ្លាំង ទៅនឹងសេចក្តីថ្លែងការណ៍ថ្កោលទោស របស់គណបក្សសង្រ្គោះជាតិ។
យុវជន ស្រី ចំរើន បានបន្តថា ការចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសនេះ គឺបានរំលោភសិទ្ធិនៃការចូលរួមនយោបាយរបស់ប្រជាពលរដ្ឋ។
លោក ស្រី ចំរើន ថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមផ្តាំឲ្យថ្នាក់ដឹកនាំសង្គ្រោះជាតិ និងអ្នកដែលគាំទ្រលោក កឹម សុខា មេត្តាសិក្សាពីច្បាប់នៃរដ្ឋធម្មនុញ្ញ និងលិទ្ធិប្រជាធិបតេយ្យផង។ ហើយបើប្រកាន់ភ្ជាប់គោលការណ៍បីរបស់ខ្លួនមិនបានទេ «មិនឈ្លោះ មិនឆ្លើយ មិនឆ្លង» តែពេលនេះ គឺចាប់ផ្តើម «ឈ្លោះ ឆ្លង និងឆ្លើយ» ដូចនេះបើរក្សាជំហរខ្លួនមិនបាននោះទេ សូមចុះចេញពីដំណែង ឬលាឈប់ពីជិវិតអ្នកនយោបាយទៅ »។
គួរបញ្ជាក់ថា នៅថ្ងៃដដែលនេះគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស លោក ស្រី ចំរើន ថា បានយកទង់ អាវ និងមួក ដែលមានសញ្ញាសំគាល់របស់គណបក្សសង្រ្គោះជាតិ ទៅធ្វើសកម្មភាពអនាធិបេតយ្យ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែមីនានេះ។ ការយកអាវ និងមួកដែលមានសញ្ញាសំគាល់របស់គណបក្សសង្រ្គោះជាតិ ដោយគ្មានការអនុញ្ញាតពីគណបក្ស ទៅធ្វើសកម្មភាពប្រមូលផ្តុំគ្នា និងហែក្បួនរបស់ក្រុមលោក ស្រី ចំរើននេះ គឺជាអំពើក្លែងបន្លំដោយចេតនា ក្នុងបំណងបង្កាច់បង្ខូចកិត្តិយសគណបក្ស និងមានសមាជិក គណបក្ស សង្រ្គោះជាតិ ហើយក៏ ជាការរំលោភច្បាប់ ស្តីពីកម្មសិទ្ធបញ្ញា និងក្រមព្រហ្មទណ្ឌ។
ជាលទ្ធផល នៅថ្ងៃដង្ហែញត្តិរបស់ក្រុមយុវជននារសៀលនេះ លោក ឈាង វុន ប្រធានគណៈកម្មការ ឃោសនានៃ រដ្ឋសភា នៅម៉ោងជិត៣៖០០ រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ បានចេញទទួលញត្តិរបស់ក្រុមយុវជន និងនិស្សិត ដែលដឹកនាំដោយលោក ស្រី ចំរើន ដើម្បីទាមទារជាថ្មីឱ្យ លោក កឹម សុខា ឆ្លើយបំភ្លឺរឿងអាស្រូវស្នេហា ដែលបែកធ្លាយតាមបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយ។
ករណីលោក កឹម សុខា វិញ យុវជន ស្រី ចំរើន បានអះអាងថា លោក កឹម សុខា ហាក់កំពុងគេចវេស ពីសំណើរបស់ប្រជាពលរដ្ឋដែលសកម្មភាព នេះបានបំពាននឹងលទ្ធិប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញនៅកម្ពុជា ក្នុងនាមលោកជាតំណាងរាស្រ្ត។
ដូចការគ្រោងក្រុមយុវជន-និស្សិត ជាង២០០នាក់ទៀត នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះបានហែញត្តិ ទៅដាក់ញត្តិទៅផ្ទះ លោក កឹម សុខា ដើម្បីទាមទារឱ្យបកស្រាយជុំវិញរឿងខ្សែអាត់សំឡេង។ ក្បួនដង្ហែរនេះបានជួបជុំគ្នានៅមុខរដ្ឋសភា ឆ្ពោះទៅអង្គការសហប្រជាជាតិ រួចបន្តទៅទីស្នាក់ការ គណបក្សសង្រ្គោះ ជាតិ នាសង្កាត់ចាក់អង្រែក្រោម ហើយចុងក្រោយតម្រង់ឆ្ពោះទៅផ្ទះលោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្រ្គោះជាតិ៕