(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានផ្ញើសារជូន លោក Vuong Dinh Hue ប្រធានរដ្ឋសភានីតិកាលទី១៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី៧៦ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម។

តាមសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេច ហេង សំរិន បានបញ្ជាក់ថា «តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះឯកឧត្តមប្រធាន និងតាមរយៈ ឯកឧត្តម ជូនចំពោះថ្នាក់ដឹកនាំកំពូល ក៏ដូចជាប្រជាជននៃសាធារណរដ្ឋ សង្គមនិយមវៀតណាមជាបងប្អូន ក្នុងឱកាសដ៏មហានក្ខត្តឬក្ស នៃខួបលើកទី៧៦នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥-២០២១)»

សម្តេចបានបន្តថា ប្រទេសកម្ពុជានិងវៀតណាមធ្លាប់បានឆ្លងកាត់របបអាណានិគមនិយម និងសង្គ្រាមបំផ្លិចបំផ្លាញដូចគ្នា។ ប្រទេសភូមិផងរបងជាមួយគ្នាទាំងពីរនេះ បានខិតខំពុះពារគ្រប់ឧបសគ្គ និងរាល់ការលំបាកជាច្រើន ក្នុងការតស៊ូដណ្តើមបានឯករាជ្យជូនជាតិមាតុភូមិរបស់យើងរៀងៗខ្លួន។ តាមរយៈកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងការតាំងចិត្តយ៉ាងមុតមាំ ប្រទេសយើងទាំងពីរបានខិតខំពុះពារយ៉ាងខ្លាំង ក្នុងការកសាងប្រទេសជាតិឡើងវិញ ចាប់តាំងពីបាតដៃទទេ រហូតដល់សម្រេចបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលជាលក្ខខ័ណ្ឌអំណោយផល ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពនាថ្ងៃអនាគត។

សម្តេច ហេង សំរិន មានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាពយូរអង្វែង ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងស្ថាប័ននីតិប្បញ្ញត្តិ និងប្រទេសរបស់យើងទាំងពីរកម្ពុជានិងវៀតណាម នឹងបន្តរីកចម្រើនលូតលាស់បន្ថែមទៀតដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន នៃប្រទេសទាំងពីរជាបងប្អូន៕