ប្រជាពលរដ្ឋជួបការលំបាក ៩០គ្រួសារ មកពីស្រុកចំនួន២ ក្នុងខេត្តសៀមរាប បានទទួលពូជមាន់ពីអង្គការ GIZ
26-08-2021 17:27
(សៀមរាប)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងជាប្រធានគម្រោងធានាជីវភាពរស់នៅរបស់ប្រជាពលករមាតុភូមិនិវត្តន៍ ដែលគ្មានការងារធ្វើ និងគ្រួសារងាយរងគ្រោះដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ នៅក្នុងខេត្តសៀមរាប បានអញ្ជើញផ្តល់ពូជមាន់ដល់ពលរដ្ឋជួបការលំបាកអំឡុងពេលមានជំងឺកូវីដ១៩។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី២៥ ខែសីហា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ពូជមាន់ ដល់ប្រជាពលរដ្ឋជួបការលំបាក និងរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ចំនួន ៩០គ្រួសារ នៅស្រុកជីក្រែង និងស្រុកសូទ្រនិគម។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានក្រុមប្រឹក្សា គណៈភិបាលស្រុក អាជ្ញាធរ ភូមិ ឃុំ ក្នុងមូលដ្ឋាន ក្រុមការងារគម្រោង។ ពិធីប្រគល់ពូជមាន់ ត្រូវបានរៀបចំនៅបរិវេណសាលាឃុំជីក្រែង ស្រុកជីក្រែង និងឃុំគៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
គួរបញ្ជាក់ថា សម្រាប់គម្រោងនេះត្រូវអនុវត្តនៅស្រុកគោលដៅចំនួន៣ គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ លើការផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋចំនួន ៦០០គ្រួសារ ដែលជួបការលំបាក និងរងផលប៉ះពាល់ ដូចជាការចិញ្ចឹមត្រី ចិញ្ចឹមមាន់ កង្កែប និងដាំបន្លែ។ គម្រោងនេះ មានរយ:ពេលអនុវត្តត្រឹមតែរយ:ពេល ៤ខែ ចាប់ពីខែសីហា ដល់ខែវិច្ចិកា ឆ្នាំ២០២១ ក្រោមជំនួយរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈអង្គការGIZ៕