(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំមួយ ស្តីពីការរៀបចំពង្រឹង ផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាតិ ដែលប្រព្រឹត្តិទៅ ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។
នៅក្នុងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ បានផ្តោតជាសំខាន់ ឲ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការជាមួយ មន្ទីរអប់រំយុវជន និងកីឡា បំផុសចលនាឲ្យមានការប្រឡងចម្រៀង បុរាណ សម័យ កំណាព្យ អាយ៉ៃ ចាប៉ី នៅតាមរាជធានី-ខេត្ត ដោយសង្កត់ធ្ងន់លើខ្លឹមសារស្តីពីសក្តានុពល និងសកម្មភាពទេសចរណ៍ដែលមានមូលដ្ឋាន និងត្រូវរៀបចំនៅក្នុងមូលដ្ឋានជាដើម។
ក្រសួងទេសចរណ៍បានបន្ថែមថា នៅក្នុងកម្មវិធីខាងលើត្រូវរៀបចំឲ្យមានល្បែងប្រជាប្រិយ គ្រប់ប្រភេទនៅតាមរមណីយដ្ឋានទៅតាមប្រពៃណីខ្មែរ ដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និង ស្តេចចង់-ល-។
យោងតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ដដែលបានស្នើឲ្យ មានការសម្តែងរបាំត្រុដិ នៅតាមគោលដៅសំខាន់ៗ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងមូលដ្ឋានអាជីវកម្មផ្សេងៗ។
នៅថ្ងៃទី១៣-១៤ -១៥-១៦ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ ក្រសួងទេសចរណ៍ បានសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ចរាចរណ៍ ទីចំណត ជូនភ្ញៀវទេសចរណ៍ បានល្អប្រសើរផងដែរ៕