(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានផ្ញើសារលិខិតរំលែកទុក្ខជូនលោកស្រី ហ្សៃណុប យូសុហ្វ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី។
លោក ហ៊ុន ម៉ានី បានលើកឡើងថា មរណភាពរបស់ លោក ហ្សាការីយ៉ា អាដាម គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីស្រលាញ់ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានប្រៀនប្រដៅកូនចៅ ប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងជាការបាត់បង់ឥស្សរជនដ៏សំខាន់មួយរូប នៃក្រុមគ្រួសារខ្មែរឥស្លាមទាំងមូល។
លោក ហ៊ុន ម៉ានី បានបន្ថែមថា «ក្នុងបរិយាកាសដ៏ក្ដុកក្ដួលនាពេលនេះ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខដោយក្ដីស្រណោះ និងអាឡោះអាល័យបំផុត និងសូមឧទ្ទិសបួងសួងដល់ អល់ឡោះជាម្ចាស់ តាមថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោក ហ្សាការីយ៉ា អាដាម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានទទួលមរណភាពនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៣៖៥០ ទៀបភ្លឺ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី៕