លោក ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពភរិយា លោក ជា សុទ្ធ
26-08-2021 17:00
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី អមដំណើរដោយ លោក សាយ សំអាល់, លោក នួន ផារ័ត្ន, លោក ឃុត ចាន់ដារ៉ា និងសហការី បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាចំពោះសព មហាឧបាសិកា សុ គម ភរិយាលោក ជា សុទ្ធ អតីតសមាជិករដ្ឋសភា និងជាអតីតសមាជិក គណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា។
ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនៃការបាត់បង់ លោកយាយមហាឧបាសិកានេះ លោក និងសហការីសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឧបាសិកា សុ គម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា សពមហាឧបាសិកា សុ គម តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅគេហដ្ឋាននៃសព ផ្ទះលេខ២៦៩ ផ្លូវលេខ៦៣ នៅក្រោយវិមានព្រឹទ្ធសភា ហើយត្រូវហែយកទៅបញ្ចុះនៅវត្តចន្ទបុរីវង្ស របស់សម្ដេចវនវ័ត ណត ច្រឹក នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១៕