(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធក្រោមឱវាទចុះសួរសុខទុក្ខ និងនាំយកអំពូលដើរ ដោយពន្លឺព្រះអាទិត្យ (សូឡា) ចែកជូនពលរដ្ឋខ្វះចរន្តអគ្គិសនីប្រើប្រាស់ ក្នុងឃុំចំនួន៣ គឺឃុំកូនសត្វ ឃុំត្រពាំងព្រីង និងឃុំកណ្ដោល ក្នុងស្រុកទឹកឈូ។

នាឱកាសនោះលោក ជាវ តាយ ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើការសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ និងដោះស្រាយការលំបាកខ្វះខាត ជូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ។ ពាក់ព័ន្ធទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋ បញ្ហាការខ្វះចរន្តអគ្គិសនីប្រើប្រាស់ នៅក្នុងឃុំចំនួនបីខាងលើនេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា ជំនាញនិងអាជ្ញាធរ កំពុងជំរុញការដោះស្រាយជូនយ៉ាងយូរនៅចុងឆ្នាំ២០២១ឲ្យបានរួចរាល់។

លោក ជាវ តាយ ក៏បានអំពាវនាវ និងជំរុញដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ ការរស់នៅប្រកបដោយអនាម័យល្អ ពិសេសការអនុវត្តន៍ នូវវិធានការ របស់សុខាភិបាល ក៏ដូចជាការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺការអនុវត្ត ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។

លោកបន្ថែមថា ចំពោះប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សូមប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានរូសរាន់ គ្រប់គ្នានៅទីតាំងកន្លែង ដែលកំពុង ដំណើរចាក់ កន្លែងមួយណាក៏បានក្នុងខេត្ត ដោយមិនចាំបាច់រង់ចាំស្រុកណា ចាក់នៅស្រុកនោះដូចមុនទេ ហើយបើមានអ្នកមិនឲ្យចាក់សូមរាយការណ៍ជាបន្ទាន់ទៅ អាជ្ញាធរមានសមត្ថកិច្ចដោះស្រាយជូន។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ ត្រូវខិតខំសម្របខ្លួនរស់នៅទៅតាមបែបគន្លងថ្មីនៃបរិបទជំងឺឆ្លងកូវីដ១៩ និងធ្វើយ៉ាងណាជំរុញការងារបង្កបង្កើតផល ដាំដុះដំណាំផ្សេងៗ និងចិញ្ចឹមសត្វរួមផ្សំ ដើម្បីធានាបានការផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យកាន់តែធូរធារប្រសើរឡើង។

បើតាមលោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ បានបញ្ជាក់ឲ្យដឹងថា ទូទាំងស្រុកទឹកឈូ មានអគ្គិសនីចូលទៅដល់គ្រប់ភូមិ តែគ្រួសារប្រជាពលរដ្ឋមួយចំនួនតូច ក៏នៅមិនទាន់មានអគ្គីសនីប្រើប្រាស់នៅឡើយដែរ ក្នុងនោះមានគ្រួសារប្រជាពលរដ្ឋនៅក្នុងឃុំកូនសត្វ មានចំនួន ៣៨គ្រួសារ, ឃុំត្រពាំងព្រីង ចំនួន ៦៥គ្រួសារ និងឃុំកណ្ដោលចំនួន ១៣១គ្រួសារ៕