Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គស្នងការនគរបាលជាតិ ប្រគល់រថយន្តពន្លត់អគ្គិភ័យទំនើបមានដងយោងកម្ពស់ ៥៤ម៉ែត្រចំនួន២គ្រឿង ដល់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងស្នងការដ្ឋានរាជធានីភ្នំពេញ

26-08-2021 15:28

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ តំណាងឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានប្រគល់រថយន្តពន្លត់អគ្គិភ័យទំនើបចំនួន ២គ្រឿង ដែលមានដងយោងកម្ពស់ ៥៤ម៉ែត្រ ចំណុះ ៤.០០០លីត្រ ដល់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ ចំនួន ១គ្រឿង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១គ្រឿង ដោយរថយន្តពន្លត់អគ្គិភ័យនេះ មានសមត្ថភាពពន្លត់អគ្គិភ័យបានកម្ពស់អគារ១៥ជាន់ផងដែរ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក នេត វន្ថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានបំពាក់នូវសម្ភារ មធ្យាបាយ ជាពិសេសរថយន្តពន្លត់អគ្គិភ័យ ដល់នាយកដ្ឋានជំនាញ ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីមានលទ្ធភាពជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីកើតហេតុការណ៍ គ្រោះអគ្គិភ័យកើតឡើង។

ឧត្តមសេនីយ៍ឯក បញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យដែលបានផ្តល់ជូននាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាពេលនេះ គឺមានអត្ថប្រយោជន៍ច្រើនជាងរថយន្តដែលប្រទេសកម្ពុជាយើងបានប្រើពីកន្លងទៅ ដោយសាររថយន្តនេះអាចផ្ទុកទឹកបាន ៤ពាន់លីត្រ និងដងយោងបានកម្ពស់ ៥៤ម៉ែត្រ ធ្វើការបាញ់ទឹកចេញបានលឿន ក្នុងអាគារកម្ពស់ ១៥ជាន់ ជាពិសេសអាចជួយដាក់មនុស្សបានថែមទៀតផង។

លោកឧត្តមសេនីយ៍ក៏សំណូមពរដល់នាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានរថយន្តនេះហើយ សូមធ្វើការថែទាំឲ្យបានល្អ ដើម្បីជាប្រយោជន៍បម្រើប្រជាពលរដ្ឋ និងសង្គមជាតិ។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ឯក នេត វន្ថា ក៏បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីអគ្គិភ័យ ដែលករណីនេះតែងតែកើតឡើងជារើយៗមិនថារដូវវស្សា ឬក៏រដូវប្រាំងនោះទេ ដូច្នេះក្នុងគេហដ្ឋាននីមួយៗគប្បីមានឧបករណ៍សង្រ្គោះបឋម ដូចជាបំពង់ពន្លត់អគ្គិភ័យជាដើម ហើយបើទោះបីជាមន្រ្តីជំនាញមានរថយន្ត និងសម្ភារទំនើបក្តី ក៏បងប្អូនមិនត្រូវធ្វើការធ្វេសប្រហែសនោះឡើយ៕